ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាត បានចុះទៅឃាត់ខ្លួន ជនសង្ស័យជាឳពុកតិរច្ឆាន តាមបណ្ដឹងករណីរំលោភសេពសន្ថវៈ និងគំរាមសម្លាប់មួយពូជ ។ ករណីឃាត់ខ្លួននេះធ្វើឡើង កាលពីម៉ោង ៥៖១០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិវាលវង់ ឃុំររកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះ ហឿង ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។ ការឃាត់ខ្លួននេះ ធ្វើឡើងតាមបណ្ដឹងកូនស្រីបង្កើតឈ្មោះ ហ.ភ អាយុ ២០ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ និងគំរាមសម្លាប់ទាំងកូនទាំងស្រ្តីជាម្ដាយ ដែលបានធ្វើសកម្មភាពប៉ុនប៉ង រំលោភលើអង្រឹងក្រោមផ្ទះ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ថ្មីៗនេះ និងបានសម្រេចក្នុងអំឡុងឆ្នាំ២០១៥ នៅចំណុចជើងរកាតចម្ងាយពីផ្ទះប្រមាណ ២គីឡូម៉ែត្រ នៅពេលទៅរកដកផ្សិតផូងផាងឬ(ប៉ក់)។
បើតាមមន្រ្តីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ករណីនេះផ្ទុះឡើងបន្ទាប់ពីជនសង្ស័យជាឪពុក តែងតែអុកឡុក និងបង្កហិង្សាក្នុងគ្រួសារឥតឈប់ឈរ ហើយក៏ធ្លាប់នាំយកមកធ្វើការអប់រំ នៅអធិការដ្ឋាននគរបាលផងដែរ ។ ជាក់ស្ដែងកាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ប៉ុន្មានថ្ងៃមុននេះ ជនសង្ស័យ និងប្រពន្ធបានឯកភាពគ្នាមកសាលាឃុំរកាត ដើម្បីលែងលះគ្នាព្រោះរស់នៅគ្មានសុភមង្គល ប៉ុន្តែឪពុក (ហឿង ហុង)ពេលចេញពីសាលាឃុំដល់ផ្ទះ បែរជានិយាយថាអ្នកណាលែងអញ អញសម្លាប់ចោលទាំងអស់ បញ្ហានេះហើយទើបកូនស្រីទម្លាយអាថ៌កំបាំង និងដាក់ពាក្យបណ្ដឹងតែម្តង។
ប្រភពដដែលបន្តទៀតថា ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ខាងលើ កូនស្រីលើកឡើងថា កាលក្នុងអំឡុងឆ្នាំ២០១៥ ឪពុកប្រព្រឹត្តលើខ្លួននាងបានសម្រេច ប៉ុន្តែឪពុក (ហឿង ហុង) ឆ្លើយថា បានប្រព្រឹត្តមែនតែមិនស៊ីជម្រៅនោះទេ។ ជនសង្ស័យ (ហឿង ហុង) ត្រូវបានសមត្ថកិច្ចយកទៅធ្វើតេស្កទឹកនោម រកសារធាតុញៀនឃើញវិជ្ជមាន។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចជំនាញបំពេញសំណុំ ឯកសារបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់ ៕