ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជាឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់នោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យអាជ្ញាធរ ធ្វើការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម។
យោងតាមលិខិតរបស់សម្តេច ស ខេង ផ្ញើជូនអភិបាលរាជធានី ខេត្ត នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១បានលើកឡើងយ៉ាងដូច្នេះថា សូមជម្រាបជូន អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលបាន ដាក់ចេញប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១ ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ទន្ទឹមនេះក្រសួងសុខាភិបាល ក៏បានដាក់ចេញប្រកាសលេខ ០៨១ ស.នក.ប្រក ចុះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងអំឡុងពេលនៃ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ពាក់ព័ន្ធនឹងការងារនេះ ផ្អែកតាម សំណើរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមសហការក្នុងការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ -១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃសូមណែនាំដល់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចូល រួមសហការឲ្យបានជិតស្និទ្ធ ជាមួយមន្ត្រីសុខាភិបាលក្នុងការ អនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិ បុគ្គលដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងលិខិតសម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា នៅក្នុងការចាត់ចែងអនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាក ឬបញ្ហាប្រឈមណាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាល និងចម្លងជូនក្រសួងមហាផ្ទៃ ជាបន្ទាន់។
សូមជម្រាបថា ក្រសួងសុខាភិបាលកំណត់ រាជធានីខេត្តចំនួន៥ ជាកន្លែងត្រូវតែអនុវត្តវិធានការ សុខាភិបាលដោយពាក់ម៉ាស់ និងរក្សាគម្លាត គឺរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តព្រះសីហនុ ៕