កុំគេចវេះ! នាំពលករខ្មែរជាង៥០នាក់ ដែលចេញពីប្រទេសថៃ យកធ្វើចត្តាឡីស័ក និងពិនិត្យសុខភាព

0

បាត់ដំបង៖ សមត្ថកិច្ចបាននាំពលករខ្មែរ ជាង៥០នាក់ យកធ្វើចត្តាឡីស័ក និងពិនិត្យសុខភាព តាមវិធានសុខាភិបាល ដែលពួកគាត់បាននាំគ្នា ចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រករបៀងចំនួន៤កន្លែង ក្នុងស្រុកសំពៅ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចស្រុកសំពៅលូន បានឱ្យដឹងថា៖ កម្លាំងវរសេនាតូច នគរបាលការពារព្រំដែន គោកលេខ ៨១៧,កម្លាំងប៉ុស្តិ៍នគរបាលព្រំដែន,កងយោធាវរសេនាតូច៥៣៣ កាលពីរសៀលថ្ងៃទី ២៥ ខែមីនាបានចុះល្បាត និងនាំខ្លួនពលករខ្មែរ មានចាស់មានក្មេងសរុប៥១នាក់។ ពួកគាត់បានចាកចេញពីប្រទេសថៃ ហើយចូលមកកម្ពុជាវិញ ក្នុងស្រុកសំពៅលូនកាត់ តាមច្រកផ្លូវរបៀងជាច្រើនកន្លែង ដោយប៉ុនប៉ងគេចមិនធ្វើចត្តាឡីស័ក តាមការណែនាំ របស់រាជរដ្ឋាភិបាល និក្រសួងសុខាភិបាល។

មន្ត្រីដដែលបានបន្តថា ប្រជាពលករទាំងអស់បាននាំគ្នា ឆ្លងដែនចូលមកស្រុកកំណើតវិញ កាត់តាមច្រករបៀងចំនួន ៤ ក្នុងនោះឆ្លងកាត់ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ចំនួន ២៧នាក់, ឆ្លងតាមភូមិគីឡូ ១៣ ឃុំសន្តិភាពចំនួន ៦នាក់, ចេញកាត់តាមភូមិគីឡូលេខ ៩ ក្នុងឃុំជ្រៃសីមាចំនួន ១៨នាក់ និងលួចចេញតាមភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួនម្នាក់។ សរុបទាំងអស់ចំនួន ៥១នាក់ ជាបុរសចំនួន ១២នាក់ ស្ត្រី ១៨នាក់ និងក្មេងប្រុស ស្រីសរុបចំនួន ២១នាក់។
បន្ទាប់ពីទទួលការបញ្ចុះបញ្ចូលរួចរាល់ពលករទាំងអស់ ព្រមព្រៀងចូលរួមជាមួយក្រុមគ្រូពេទ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃអនុឈវត្តតាមវិធានសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង៕