ភ្នំពេញ៖ អាជ្ញាធរស្រុកបន្ទាយស្រី បានសម្រេចបិទតូបលក់នំបញ្ចុក ២កន្លែង នៅក្នុងភូមិព្រះដាក់ភ្លាមៗ បន្ទាប់ពីមានអ្នកវិជ្ជមានកូវីដ១៩ ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១កន្លងមក ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពី ៩ម៉ោងមុន លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់បន្តថា ជាវិធានការបន្ទាន់ រដ្ឋបាលស្រុកបានធ្វើចត្តាឡីស័ក ក្រុមគ្រួសារនៃតូបទាំងពីរខាងលើ និងបានរៀបចំឱ្យមានការយកសំណាក ពីអ្នកពាក់ព័ន្ធទាំងអស់។
ប៉ុន្តែដោយស្ថានការណ៍មានការវិវត្តលឿន ជាពិសេសក្រោយមានករណីឆ្លងបន្ត ទៅដល់បុគ្គលិកហាងកាហ្វេ ដែលបុរសវិជ្ជមាននេះធ្លាប់បាន ចូលទៅក្នុងអំឡុងពេលដំណាលគ្នារួចមក លោកអភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់ចូលហូប ឬមានទំនាក់ទំនងជាមួយតូបនំបញ្ចុកទាំងពីរនេះ ចាប់ពីថ្ងៃទី១៩ មីនារហូតមកដល់ ២៤ មីនា សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគ នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ នៅក្នុងក្រុងសៀមរាបជាប្រញាប់។
លោកអភិបាលស្រុកបន្ទាយស្រីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងផ្តល់ភាពស្មោះត្រង់ជាមួយអាជ្ញាធរ និងចូលរួមកាត់ផ្តាច់ការឆ្លងបន្ត នៅក្នុងសហគមន៍របស់យើង ឱ្យបានលឿនជាទីបំផុត ៕