ខេត្តបាត់ដំបង ៖ សោកស្ដាយធនធានមនុស្ស ដោយអ្នកគ្រូបង្រៀនម្នាក់ សម្រេចចិត្តផឹកថ្នាំពុល បញ្ចប់ជីវិតដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះបង្ករ អោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ មីនា២០២១ នៅភូមិកណ្ដាល ឃុំអូរដា ស្រុកកំរៀង នោះទេ។
សមត្ថសមត្ថកិច្ច នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាន សុខអាន អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
អ្នកគ្រូរូបនេះ បានផឹកថ្នាំបាញ់ស្មៅម៉ាក«កាំម៉ូសូន» ដោយគ្មាននរណាបានដឹងពីមូលហេតុនោះទេ។ ក្រោយមកក្រុមគ្រួសារបានដឹងពីទង្វើនេះ ក៏ផ្អើលឆោឡោ ខណ:នាងប្រកាច់បែបពពុះមាត់។ មន្រ្តីដដែលបានឲ្យដឹងទៀតថា ភ្លាមៗនោះ ក្រុមគ្រួសារបាននាំគ្នា ដឹកនាងទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ទាំងយប់ តែនាងបានស្លាប់មុនពេល ទៅដល់បន្តិច ដោយសារតែនាងផឹកទឹកថ្នាំ សម្រាប់បាញ់ស្មៅនោះច្រើនពេក។
ក្រុមគ្រួសារស្រែកទ្រហោរយំ សោកស្តាយ ដោយមិនបានដឹងអំពីមូលហេតុ ដែលនាំឱ្យអ្នកគ្រូ សុខអាន សម្រេចបញ្ចប់ជីវិតខ្លួនទាំងវ័យក្មេងបែបនេះទេ។ យ៉ាងណាសមត្ថកិច្ចដែលបានចុះទៅកាន់ទីនោះបានស្រង់ចម្លើយខ្លះៗពីសាក្សីនានាថា ការសម្រេចបញ្ចប់ជីវិតខ្លួនឯងរបស់អ្នកគ្រូ យាន សុខអាន ទំនងអាចបណ្ដាលមកពីមាន«វិបត្តិក្នុងគ្រួសារ»តែគេមិនបានលម្អិត អំពីវិបត្តិធ្ងន់ធ្ងរបែបណានោះទេ ទើបនាងសម្រេចចិត្ត ធ្វើអត្តឃាតបែបនេះ៕