ភ្នំពេញ៖ ដោយស្ថានភាពការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ក្នុងរាជធានីភ្នំពេញ រហូតមកទល់បច្ចុប្បន្ននេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន បានទទួលរងផល ប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ក្នុងបរិបទកូវីដ១៩នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា សូមអំពាវនាវ ដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដូចខាងក្រោម ៖
១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មាន សភាពធូរស្រាលឡើងវិញ។
២. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួល ទាំងឡាយ ដោយតួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយ ស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ជាមិនខាន៕