ចាស់ហើយមិនគិតវត្តវ៉ា! យកលុយ ២ម៉ឺនរៀល បោកក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ រំលោភ

0

ភ្នំពេញ៖ បុរសចំណាស់ល្មោភកាម អាយុ៦៩ឆ្នាំម្នាក់ ល្បួងក្មេងស្រីអាយុ១៣ឆ្នាំ រំលោភបានសម្រេចម្ដង ញ៉ាមលើកក្រោយបម្រុង ល្បួងរំលោភម្ដងទៀត តែបែកការណ៍រហូត ដឹងដល់ម្ដាយឪពុកខាងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ច ស្រុកអង្គស្នួល ឲ្យចាប់ខ្លួន ចាត់ការតាមច្បាប់ នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ។ករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទីព្រឹក នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ វ៉ាត ភួន ភេទប្រុសអាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

ប្រភព​ដដែលបន្តថា​ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យ បានឃើញជនរងគ្រោះជិះម៉ូតូ នៅតាមផ្លូវក្នុងភូមិ ហើយបានហៅជនរងគ្រោះឲ្យឈប់ រួចសុំជិះទៅជាមួយ នៅពេលជិះតាមផ្លូវ​ ជនសង្ស័យបាននិយាយលួងលោម ទៅកាន់ជនរងគ្រោះថា ឯងប្រគល់ខ្លួនឲ្យអញមក អញឲ្យលុយចំនួនមួយម៉ឺនរៀល តែជនរងគ្រោះ មិនបានឆ្លើយតបឡើយ ជិះរហូតដល់ចំណុច ចំការស្វាយរបស់ឈ្មោះ ឡន ស្ថិតនៅភូមិថ្មី​ ឃុំទួលព្រេជ ទើបជនសង្ស័យចុះពីម៉ូតូ ហើយជនរងគ្រោះ ក៏ជិះទៅមុខបន្ត។ លុះស្អែកឡើងជនសង្ស័យ បានទៅចំការខាងក្រោយផ្ទះ ជនរងគ្រោះ ហើយបានហៅជនរងគ្រោះ ឲ្យទៅក្នុងចំការនោះ តែជនរងគ្រោះមិនបានទៅឡើយ។
ចាប់ពីពេលនោះ មកជនសង្ស័យបានទៅក្នុងចំការ ក្រោយផ្ទះ ជនរងគ្រោះ និងបានហៅជនរងគ្រោះ ទៅអោបថើបចំនួន០៣លើក ហើយក្នុងមួយលើកៗ បានឲ្យលុយជនរងគ្រោះ ចំនួនមួយម៉ឺនរៀល(10000រៀល)។ រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ជនសង្ស័យ បានទៅក្នុងចំការ ក្រោយផ្ទះ ជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួប ដោយប្រាប់ថា​ កុំប្រាប់រឿងនេះឲ្យគេដឹងឲ្យសោះ ហើយក៏ដើរចេញទៅវិញទៅ។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១វេលាម៉ោង០៨នឹង១០នាទីព្រឹក ជនសង្ស័យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួប និងអង្គុយនិយាយគ្នាលេង បន្ទាប់មកជនសង្ស័យ បានចាប់ជនរងគ្រោះផ្ដួលទៅលើស្មៅ ហើយធ្វើសកម្មភាពរួមភេទ បានសម្រេចចំនួន០១លើក ពេលរួមភេទរួចហើយ ជនសង្ស័យបានឲ្យលុយ ទៅជនរងគ្រោះចំនួនពីរម៉ឺនរៀល(20000រៀល)។ ក្រោយមកទៀតនៅថ្ងៃទី២៤ ខែ/ឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះ ទៅទៀត ពេលជនរងគ្រោះដើរទៅក៏ត្រូវបានពលរដ្ឋម្នាក់ឃើញ ហើយក៏សួរជនរងគ្រោះថា ឯងទៅណា? ជនរងគ្រោះឆ្លើយថាទៅបត់ជើងធំ ដោយមានការសង្ស័យ​ ក៏សួរនាំជនរងគ្រោះ ទើបជនរងគ្រោះព្រមនិយាយការពិត ថាទៅជួបជាមួយជនសង្ស័យ បន្ទាប់មកក៏បានឃើញ ជនសង្ស័យដើរចេញ ពីព្រៃខាងក្រោយផ្ទះ រួចក៏ប្រាប់ម្ដាយឪពុកខាងស្រីតែម្ដង ។បន្ទាប់ម្ដាយឪពុកខាងស្រីដឹងហើយ ក៏សួរនាំកូនស្រីខ្លួន ហើយទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋ បានទួលព្រេជ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធីច្បាប់៕