ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងការិយាល័យជំនាញ រួមជាមួយក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្រោយនាំគ្នាកាន់កាំភ្លើងពេញដៃ ដើរបរបាញ់សត្វធ្វើព្រងើយ គ្មានខ្វល់ពីការរីករាលដាល ជំងឺកូវីដ១៩ ទាល់តែសោះ ។ ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង ៥៖៣២នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ១៤ ភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
ប្រតិបត្តិការនេះដេរ ធ្វើឡើងដោយអនុវត្តន៍តាមការណែនាំ ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
ជនសង្ស័យចំនួន ៤នាក់នោះរួមមាន៖ ១-ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ ២៦ឆ្នាំ, ២-ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ ៣០ឆ្នាំ, ៣-ឈ្មោះ ឈឿង សុភ័ក្ត្រ ភេទប្រុស អាយុ ២៦ឆ្នាំ, ៤-ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ ២៥ឆ្នាំ ។ ជនសង្ស័យទាំង ៤នាក់ខាងលើ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ចំនួន ៥ដើម, ដងឈើកែច្នៃធ្វើស្វ័យកាំភ្លើង ចំនួន ២ដើម, កាំបិតកែច្នៃ ចំនួន ១ដើម, ពូថៅ ចំនួន ១, គ្រាប់កង់ (បាដាង) ចំនួន ២កំប៉ុង, ទូរស័ព្ទដៃម៉ាក Realme ពណ៌ខៀវ ១ គ្រឿង, កាបូបស្ពាយពណ៌កាហ្វេ ចំនួន ១, អាវប៉ារ៉ាដៃវៃងចំនួន ១, ម៉ូតូចំនួន ៣គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាន រក្សា ហៅ ប្រុស បានឆ្លើយសារភាពថា ខ្លួនបានកែច្នៃតម្លើង (អាវុធកែច្នៃបាញ់គ្រាប់កង់បាដាង) បានចំនួន ៧ដើម កន្លងមក ហើយក៏បានលក់ ទៅឱ្យអ្នកស្គាល់គ្នានៅភ្នំពេញបានចំនួន ៣ដើមផងដែរ ។ មុនពេលសមត្ថកិច្ចឃាត់ខ្លួន ពួកគេកំពុងដើរបរបាញ់ សត្វនៅក្នុងមូលដ្ឋានខាងលើ ដោយមិនខ្វល់ខ្វាយពីរឿងកូវីដអ្វីបន្តិចសោះ ហើយសកម្មភាពខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕