ច្រើនម្ល៉េះ! ចាប់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ដកហូតគ្រឿងញៀនជិត ៦គីឡូក្រាម

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកងកម្លាំង អាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ដកហូតគ្រឿងញៀនជិត ៦គីឡូក្រាម ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹងថា មន្រ្តីការរិយាល័យគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ កាលយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវដោយធ្វើការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះចែម គីមស្រ៊ុន ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ នឹង ដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) បានចំនួន ១កញ្ចប់ ទម្ងន់២៥,៩១ក្រាម ទូរស័ព្ទចំនួន ១គ្រឿង ។

លោកបន្តថា ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើ បានសារភាពថាខ្លួន ជាអ្នកដឹកជញ្ជូនគ្រឿងញៀន ពីនារីម្នាក់នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងដោយបានការអនុញ្ញាតពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៍បានធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញដោយ សហការជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងដោយបានការអនុញ្ញាតិពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ

ជាលទ្ធផល ចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ២ ដកហូតម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ៥កញ្ចប់ទម្ងន់ប្រហែល ៥០០ក្រាម ម៉ូតូចំនួន ១គ្រឿងម៉ាកឃ្លីកពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខPP-1IR-4377 ភ្នំពេញ ។

បន្តទៅឆែកឆេរផ្ទះជួល របស់ជនសង្ស័យឈ្មោះ ហេង ច្រឹប នៅវេលាម៉ោង១៥និង៤០នាទី រកឃើញក្រាមពណ៌សថ្លា (ICE) ចំនួន ៥ដុំធំ ទម្ងន់ប្រហែល៥គីឡូក្រាម ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង០៣រថយន្ត ។ នៅចំពោះមុខជនសង្ស័យ បានទទួលស្គាល់វត្ថុតាងខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ ចាត់ការតាមនិតិវិធីបន្ត ៕