ភ្នំពេញ៖ ជារឿងមួយដែលគួរឲ្យហួសចិត្ត បុរសជាប្ដីម្នាក់ ខឹងប្រពន្ធទៅដេកកំដឳពុកឈឺ មិនដេកនៅផ្ទះ ស្រាប់តែផ្ទុះកំហឹងដុតផ្ទះខ្លួនឯង ឆេះខ្ទេចគ្មានសល់ ។ ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ បានឃាត់បុរសរូបនេះ ។ ករណីនេះកើតឡើង កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ជនសង្ស័យឈ្មោះ សឿន វាសនា អាយុ ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ហៀប ពៅ អាយុ៤១ឆ្នាំ មានកូនប្រុស ២នាក់ ក្នុងបន្ទុកគ្រួសារ រស់នៅភូមិកើតហេតុ ។
ចំពោះមូលហេតុបង្កឱ្យ មានអគ្គិភ័យឆាបឆេះផ្ទះ គឺបណ្ដាលមកពីបុរសជាប្តី ផឹកស្រាស្រវឹង បានខឹងប្រពន្ធមិនដេកនៅផ្ទះ រវល់ទៅដេកកំដរឪពុកមានជំងឺនៅក្បែរផ្ទះ ក៏មានចិត្តមួរម៉ៅរួមនឹងស្រវឹងស្រាផង ក៏ផ្ទុះកំហឹងយកដែកកេះ ដុតផ្ទះខ្លួនឯងចោលឆេះហ្មត់។
ផ្ទះនេះមានទំហំ ៣,៥០ម៉ែត្រគុណ ៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសីក្រាលក្តារខូចខាតសម្ភារ សម្លៀកបំពាក់ ចាន ឆ្នាំងនៅក្នុងផ្ទះឆេះអស់ទាំងស្រុង។ កម្លាំងនគរបាលនិងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់មិនបង្កឱ្យ រាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីនេះ ប្រពន្ធសុំឱ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់ ៕