ខណៈកូវីដ១៩ កំពុងវាយលុកក្នុងសហគមន៍ បុរសខ្លាំងនៃកម្ពុជា ប្រាប់ពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ បើគ្មានការចាំបាច់

0

ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ១៩ កំពុងវាយលុកក្នុងសហគមន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ជាដាច់ខាត ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ មីនា សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់បងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់ របស់បងប្អូនក្នុងពេលដែលប្រទេសជាតិ កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

សម្ដេចតេជោ បញ្ជាក់ថា «ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល» ។

សម្ដេចក៏បាន ជូនពរបងប្អូនជនរួមជាតិ ឲ្យចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន ៕