មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ វែកមុខ និងចាប់ខ្លួនអ្នកបំផុសគេ កុំឲ្យចាក់វ៉ាក់សាំង គឺរួចផុតពីកូវីដ១គ្រួសារ

0

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា ប៉ូលីស-ប៉េអឺម នឹងចាប់ខ្លួនមនុស្សដែលបំផុស អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩។

លោក ហេង សួរ បានបញ្ជាក់តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃ២៤ មីនានេះថា “វែកមុខ និងចាប់ខ្លួនមនុស្សដែល បំផុសគេកុំឲ្យចាក់វ៉ាក់សាំងកូវីដ គឺបានបុណ្យច្រើន និងរួចផុតពីគ្រោះថ្នាក់នៃជំងឺកុវីដ១៩ ១គ្រួសារ”។

លោកបន្តថា សូមបងប្អូនជួយថតរូប និងប្តឹងប៉ូលីសជាបន្ទាន់បើឃើញអ្នកណាម្នាក់ បំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ ។

ជាមួយគ្នានេះលោកបានអំពាវនាវឲ្យកម្មករ និងជនរួមជាតិរួមគ្នាចូលរួម យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងអស់គ្នា ព្រោះចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិត។
លោកថា ការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ដែលឲ្យគ្រប់អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។

លោក ហេង សួរ សង្កត់ធ្ងន់ថា “ជនដែលឃោសនា បំផុសបំផុល អ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងនឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន។ អំពើបាបនេះអាចឲ្យអ្នកចុះនរក។ សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រ និងវ៉ាក់សាំងគ្រប់ប្រភេទដែល រាជរដ្ឋាភិបាលបានខិតខំស្វែងរកមក” ៕