នោះធ្ងន់កហើយ! រដ្ឋបាលខេត្តសៀមរាប សម្រេចប្ដឹង ផែង វណ្ណៈ ទៅតុលាការហើយ

0

ភ្នំពេញ៖ រឿងមិនទាន់ចប់ទេ ពេលនោះលោកមេធាវី អ៊ុន ច័ន្ទថុល ជាសមាជិកគណៈមេធាវីនៃកម្ពុជា និងជាតំណាងដោយអាណត្តិ ឲ្យសាលាខេត្តសៀមរាប បានសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពីបទញុះញង់ឲ្យមានការរើសអើង,បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងបទប្រមាថចំពោះ អ្នករាជការសាធារណៈ ។

យោងតាមពាក្យបណ្ដឹងរបស់ សាលាខេត្តសៀមរាប នៅថ្ងៃទី២២ មីនា និងបានទៅដល់ដៃតុលាការ នៅថ្ងៃទី២៣ មីនា បានឲ្យដឹងថា «ប្តឹងឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ពីបទ ញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៦ ,បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បញ្ញាត្តិមាត្រា៤៩៧ និងបទប្រមាថចំពោះអ្នករាជការសាធារណៈ បញ្ញត្តិមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើងកាលពីអំឡុងថ្ងៃទី១៤ ១៥ និង ១៦ ខែមីនា ឆ្នាំ២០២១»។

សូមរំលឹកថា ក្រោយពីការបែកធ្លាយនូវ វីដេអូតាមបណ្ដាសង្គម ហ្វេសប៊ុក អំពីអង្គហេតុ កាលពីថ្ងៃទី១៣ មីនា គឺព្រះមហាវិមលធម្ម ពិន សែម បានអនុវត្ត ករណីដាក់ទណ្ឌកម្មចំពោះភិក្ខុ សាមណេរក្រោមឱវាទ ដោយអនុវត្តនូវវិន័យ វាយប្រដៅដោយរំពាត់ផ្ដៅ ដែលមានការបែកធ្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការរិះគន់ពីពុទ្ធបរិស័ទ និងមហាជនទូទៅអំពីករណីការអប់រំ ទូន្មាន ប្រៀនប្រដៅ ក្នុងគោលបំណង អប់រំកែប្រែអត្តចរិត ចចេស រឹងរូស មានៈរបស់ភិក្ខុសាមណេរ ដែលបានប្រព្រឹត្តខុស ហើយមិនព្រមអនុវត្តតាម ហើយនៅតែបន្ដធ្វើទង្វើខុសឆ្គងជាដដែលៗ។

ដូចនេះ ការវាយប្រដៅរំពាត់ផ្ដៅទៅលើសាមណេរ ៣អង្គនោះ គឺជាការវាយប្រដៅ ក្នុងគោលបំណង អប់រំទូន្មាន ប្រៀនប្រដៅឲ្យបុគ្គលនោះ ក្លាយជាមនុស្សល្អ ដោយក្ដីស្រលាញ និងក្ដីអាណិតអាសូរតែប៉ុណ្ណោះ ពុំមានបំណងស្អប់ខ្ពើម ឬគុំគួន ឬធ្វើទារុណកម្មនោះឡើយ។

លោក ផែង វណ្ណៈ បាននិយាយរិះគន់ផងដែរ ដល់សមាសភាពអ្នកចូលរួម ធ្វើកំណត់ហេតុសម្របសម្រួល ករណីហិង្សាបានកើតឡើងរវាង ព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តរាជបូណ៍ ដោយប្រើពាក្យ អសុរោះ មិនគួរគប្បី និងពាក្យប្រមាថចំពោះអ្នករាជការសាធារណ ដោយនិយាយថា «ដល់ថ្នាក់ចៅហ្វាយខេត្តរង ដល់ថ្នាក់ស្នងការរង ទៅស្និដ្ឋានរឿងក្រឡិប អញ្ចឹង។ ប៉ុន្តែបែរជានាំគ្នាទៅសន្និដ្ឋានទាំងល្ងីល្ងឺពកថ្ងាស ច្រាសបាយរាជការ ប៉ុន្តែទៅសន្និដ្ឋានទាំងល្ងីល្ងឺពកថ្ងាស សុទ្ធតែមិនមែនករណីហិង្សា មិនមែនធ្វើទារុណកម្ម តើជាករណីស្អីបើសិនជាអញ្ជឹងមែន ច្បាប់នៅសៀមរាប គេមានធ្វើអញ្ជឹងមែន ស្អែក ខានស្អែក ខ្ញុំឡើងទៅសុំវាយក្បាលមនុស្ស បួនដប់នាក់នោះថា ខ្ញុំអប់រំ កុំចាប់ខ្ញុំ ទៅវាយក្បាលពួកអ្នកគណៈកម្មការនោះ មានទាំងមន្រ្តីប៉ុន្មានហ្នឹង ទៅដាក់ ក្បាលម្នាក់មួយរំពាត់ៗ កុំចាប់ខ្ញុំ ព្រោះខ្ញុំគ្រាន់តែអប់រំថា កុំឲ្យធ្វើអញ្ជឹងថ្ងៃក្រោយ កុំចាប់ខ្ញុំ ខ្ញុំព្រះរាជអាជ្ញាទៅ ខ្ញុំវាយផ្តៅដូចគ្នា ខ្ញុំទៅវាយមន្រ្តីទាំងអស់ហ្នឹង ថាខ្ញុំរាស្រ្តម្ចាស់ឆ្នោត ខ្ញុំអត់ពេញចិត្តនឹងទង្វើរបស់អ្នកឯង អញ្ជឹងខ្ញុំសុំយកផ្តៅហ្នឹងទៅដាក់អ្នកឯងបួនដប់ផ្តៅ អាហ្នឹងវាជាវិន័យរបស់រាស្រ្ត មកសន្និដ្ឋានបង្រ្គប់កិច្ច ចេះតែមានម៉ង វាហួសហេតុ…»៕