ឡានដឹកទំនិញ បើកបុកឡានគយពីក្រោយរុញធ្លាក់ផ្លូវ ខណៈបើកស្ទាក់ និងរារាំងឡានដឹកទំនិញឲ្យឈប់

0

ភ្នំពេញ៖ រថយន្តធុនធំដឹកទំនិញ បុករថយន្តមន្ត្រីគយនិងរដ្ឋករ ពីក្រោយធ្លាក់ស្នាមភ្លោះមនុស្ស ៤នាក់រងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍បានកើតឡើង នារសៀលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៦៧ (ហាយវេ) ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយស្រី ដែលស្ថិតក្នុងហេតុការណ៍បានអោយដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រនេះ បង្កឡើងដោយរថយន្ត ម៉ាក HYUNDAI TRACTOR ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម3A- 6255 បើកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិ ប្រស្រែលើឃុំវិហាលួង ក្រុងសួងខេត្តត្បួងឃ្មុំ មានអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង។ រថយន្តខាងលើបានបុក នឹងរថយន្តមួយគ្រឿង ទៀតពីក្រោយម៉ាក TOYOTA CAMRY 2007 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ 10.2-0285 ដែលបើកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមន្ត្រីប៉េអឹម។ មានអ្នករួមដំណើរចំនួន៣នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលអោយធ្លាក់ស្នាមភ្លោះហើយមនុស្ស ៤នាក់រងរបួសធ្ងន់ និងស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។

ទោះជាមន្ត្រីនគរបាលមិនបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នោះផ្តើមចេញពីអ្វី ហើយអ្នករងរបួសជាអ្នកណា តែប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដែលធ្លាក់ស្នាមភ្លោះ ជារបស់គយនិងរដ្ឋករ ដែលរួមដំណើរដោយមន្ត្រីប៉េអឹម។ រថយន្តរងគ្រោះ បានបើកស្ទាក់និងរារាំងរថយន្តដឹកទំនិញ ក្នុងគ្រាដែលរថយន្តទំនិញកំពុងមានល្បឿន ហើយថយន្តគយនៅនៅរេរ៉ពីមុខ ក៍ត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង។ តែប្រភពមិនបានបញ្ជាក់ថា រថយន្តធ្លាក់ស្នាមភ្លោះនោះ ជាគយខេត្តឬគយក្រសួងនោះឡើយ ៕