ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា វ៉ាក់សាំងចំនួន ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយឧបត្ថម្ភលើកទី២ របស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ វ៉ាក់សាំងចំនួន ៣០ម៉ឺនដូសនេះ គឺសម្រាប់បន្តចាក់ជូនកងទ័ព និងគ្រួសារ ។
យោងតាមលិខិត របស់សម្តេចពិជ័យសេនា ទៀ បាញ់ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា បានឲ្យដឹងបន្តថា ក្នុងន័យនេះ ដើម្បីសម្របសម្រួលការទទួល និងប្រើប្រាស់វ៉ាក់សាំងចំនួន ៣០០,០០០ដូសខាងលើ ស្នើសុំគោលការណ៍ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ដូចតទៅ៖
-អនុញ្ញាតទទួលវ៉ាក់សាំងចំនួន ៣០០,០០០ដូស ដែលជាជំនួយឧបត្ថម្ភលើកទី២ ពីរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
-អនុញ្ញាតប្រើប្រាស់វ៉ាក់សាំងចំនួន៣០០,០០០ដូសនេះ សម្រាប់បន្តចាក់ជូនកងទ័ព និងគ្រួសារ។
ចំពោះការស្នើសុំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចារយល់ព្រមលើលិខិតស្នើសុំនោះ៕