បិទការចេញ-ចូល ចំពោះទីតាំងមួយចំនួន ក្នុងខេត្តត្បូងឃ្មុំ ក្រោយរកមន្ត្រីនគរបាលម្នាក់ ឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបណ្តាទីតាំងមួយចំនួន ស្ថិតនៅសង្កាត់សួង ក្រុងសួង និងឃុំជរ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយរកឃើញមន្ត្រីនគរបាលម្នាក់ ឆ្លងជំងឺកូវីដ១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៣ មីនាបានឲ្យដឹងថា ក្នុងករណីព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បានរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ជាបុគ្គលទី១ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទៅលើលោក ឡេង ពៅ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានមុខរបរជា នាយរងការិយាល័យសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

មុនពេលផ្ទុកមេរោគកូវីដ-១៩ បុគ្គលនេះ បានធ្វើដំណើរ និងទំនាក់ទំនងនូវទីតាំងមួយចំនួនដូចខាងក្រោម៖

១-ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ វេនប្រចាំការនៅ ស្នងការដ្ឋាននគរបាលខេត្ត។

២-ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចូលរួមបុណ្យខួប ១ឆ្នាំម្តាយ នៅវត្តស្ថិតនៅភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។

៣-ថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ២០២១ សម្រាកព្យាបាលនៅមន្ទីរ សម្រាកព្យាបាលមេឌីកា ២៤ម៉ោង ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

៤-ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ធ្វើដំណើរមកពិនិត្យ និងថតសួត នៅគ្លីនិកទេព្យនិម្មិត ក្រុងសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

៥-ស្នាក់ការនគរបាលសេដ្ឋកិច្ច ស្ថិតនៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទការចរាចរណ៍ចេញ-ចូល នូវទីតាំងក្នុងខេត្តត្បូងឃ្មុំមួយចំនួន ដូចបានរៀបរាប់ខាងលើចាប់ពីវេលាម៉ោង ១៦:០០នាទី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ។

ដូច្នេះបងប្អូនដែលបានជួបប្រាស្រ័យទាក់ទង ប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុគ្គលខាងលើ ឬមានករណីសង្ស័យ និងបានធ្វើដំណើរទៅកាន់ ទីកន្លែងមួយចំនួនដូចបានរៀបរាប់ខាងលើ សូមទំនាក់ទំនង យក សំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្ត ត្បូងឃ្មុំ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧ / ០១២ ៩៦៨ ៤៣២ / ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨។ ក្នុងករណីស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ មានសភាពធូរស្រាល និងគ្រប់គ្រងបាន រដ្ឋបាលខេត្ត នឹងជូនដំណឹងបើកឲ្យ ដំណើរការធ្វើចរាចរណ៍ចេញ-ចូលវិញនៅពេលក្រោយ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់ នៅក្នុងសង្កាត់សួង ក្រុង់សួង និងឃុំដារ ឃុំមេមត់ ស្រុកមេមត់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ នឹងអនុវត្តនូវ វិធានការរបស់រាជរដ្ឋាភិបាល រួមនឹងតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសត្រូវតែអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ៕