ភ្នំពេញ៖ បុរសម្នាក់ ក្នុងចំណោម ៥នាក់ នាំគ្នាផឹកស៊ីលុះស្រវឹងស្រឿងៗ ស្រាប់តែឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ពេលនោះសន្តិសុខក៏ចូលទៅឃាត់ កុំឲ្យឈ្លោះគ្នាព្រោះរំខានដល់ កម្មករកំពុងធ្វើការក្បែរនោះ ស្រាប់តែបុរសនោះបែរមកជេរប្រមាថ ហើយបបួលសន្តិសុខវ៉ៃគ្នា១ស្មើ ថែមទាំងគំរាមបាញ់បុរសជាសន្តិសុខ បំបែកក្បាលសម្លាប់ចោលទៀត ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ២៖៤០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចការដ្ឋានបុរីមួយកន្លែង ស្ដិតនៅខាងក្រោយភោជនីយដ្ឋានវិមានអាហារ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បើតាមសន្តិសុខជាជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ក្រុមជើងខ្លាំងដែលប្រមាថមកលើគាត់ ឃើញផឹកស៊ីតាំងពីព្រឹកមកម្ល៉េះក្នុងឃ្លាំងដ៏ធំ ទើបធ្វើថ្មីក្បែរនោះ មានគ្នា៥នាក់ស្រី២ ជាប្ដីប្រពន្ធនឹងគ្នា លុះមកដល់ម៉ោងកើតហេតុខាងលើ ក៏មានកម្មករដែលកំពុងធ្វើការមកប្រាប់គាត់ថា មានគេឈ្លោះគ្នាស្រែកឡូឡារំខាន ដល់ពួកគាត់ដែលកំពុងធ្វើការ។ ភ្លាមៗរូបគាត់ក៏ដើរទៅប្រាប់ ខណៈដែលបុរសប្រមឹកម្នាក់ កំពុងឈ្លោះជាមួយប្រពន្ធ ស្រាប់តែជននោះបែរមកជេរប្រមាថរូបគាត់ ដែលជាសន្តិសុខទៅវិញ ដោយប្រមាថរកគប់ក្បាលនឹងដុំថ្ម ហើយបបួលចូលក្នុងឃ្លាំងវ៉ៃមួយស្មើ ថែមទាំងនិយាយថា «បើគេមានកាំភ្លើងគេបាញ់បំបែកក្បាលគាត់ គ្រវាត់ចោលទៀតផង»។ ចំណែករូបគាត់ក៏ធ្វើការតាមការងាររបស់ខ្លួន ដោយហៅតាមអាយកូម ទៅមេរបស់ខ្លួនដើម្បីមកជួយ។
ក្រោយកើតហេតុ ឃើញមានសន្តិសុខមកជាច្រើននាក់ សហការជាមួយសមត្ថកិច្ច ខណ្ឌជ្រោយចង្វាចុះមកដល់ បានធ្វើការអប់រំទៅបុគ្គលដែលគំរាមវាយ និងប្រមាថជីវិតគេ ដោយសម្របសម្រួលបញ្ចប់រឿង ព្រោះមិនទាន់បង្កជាហិង្សា មានរបួសស្នាមនៅឡើយ ៕