ភ្នំពេញ៖ ព្រោះតែក្ដីស្រឡាញ់បិទបាំងមុខ ទើបធ្វើបុរសជាថៅកែហាងផឹកស៊ីយីហោឈ្មោះ លុច្សសារី «Beer» នៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហ៊ានចាប់នារីវ័យក្មេងជាបុគ្គលិក របស់ខ្លួនចាក់សោរបង្ខាំងទុក ដោយសារតែនាងសុំឈប់ពីការងារ ។
លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឃាត់ខ្លួនថៅកែហាងលុច្សសារី «Beer» ម្នាក់ នៅទីតាំងខាងលើពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងបរិវេណទីតាំងហាងរបស់ខ្លួន ។
លោកព្រះរាជអាជ្ញារង បញ្ជាក់ថា «មុនឈានដល់ការឃាត់ខ្លួន បុរសជាថៅកែហាងលុចសារី Beer រូបនេះ គឺយោងទៅតាមពាក្យបណ្តឹង របស់មិត្តភក្ដិនារីរងរងគ្រោះ ដែលបានមកប្តឹងដល់តំណាងអយ្យការ ពីករណីដែលនារីរងគ្រោះជាមិត្តភក្ដិរូបនោះ ឆាតប្រាប់តាមរយៈបណ្តាញសង្គមហ្វេកប៊ុកថា រូបនាងត្រូវបានថៅកែហាងរូបនេះ បង្ខាំងទុកក្នុងបន្ទប់ដោយចាក់សោរពីក្រៅ»។
សូមបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីមិត្តភក្ដិនារីរងគ្រោះរួច លោកបានដឹកនាំកម្លាំងនគរបាលក្រុងព្រះវិហារ ចុះទៅពិនិត្យមើលភ្លាមៗដល់ទីតាំងហាង ហើយក៏សុំឱ្យថៅកែហាងវ័យក្មេងរូបនេះ ដែលជាជនសង្ស័យសហការបើកបន្ទប់ ដែលបានចាក់សោរពីក្រៅ ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់ មានអាការៈស្លេកស្លាំង នៅក្នុងបន្ទប់ពិតប្រាកដមែន។
ជនសង្ស័យជាថៅកែហាង មានឈ្មោះ អ៊ិន ប៊ុន រឿង ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកនារីរងគ្រោះមានឈ្មោះ សួន ស្រីហៀង អាយុ២០ឆ្នាំ។
តាមដំណើររឿងនៃការឃាត់ខ្លួននេះ គឺដោយសារនារីរងគ្រោះសុំឈប់ធ្វើការនៅក្នុងហាង តែម្ចាស់ហាងនេះស្រឡាញ់នារីរងគ្រោះ មិនឱ្យឈប់ទេក៏ចាក់សោរ នារីរងគ្រោះក្នុងបន្ទប់តែម្តងទៅ ប៉ុន្តែរឿងរ៉ាវលម្អិតយ៉ាងណានោះ នឹងដឹងច្បាស់បន្ទាប់ពីបញ្ចប់ ការសួរនាំរបស់សមត្ថកិច្ច។ នេះជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុត ដែលច្បាប់ត្រូវចាត់វិធានការ ឲ្យមានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕




