ការពិតត្រូវលាតត្រដាង! ពួនស្ទាក់កាប់សម្លាប់ ដោយសាររឿងស្នេហាត្រីកោណ សោះ

0

ភ្នំពេញ៖ នៅទីបំផុតការពិតត្រូវបានលាតត្រដាង ជុំវិញករណីកាប់សម្លាប់ នៅ​ចំណុចបន្ទប់ជួលខាងលិចសកលវិទ្យា​ល័យ​គ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខា​ខេត្តបន្ទាយមានជ័យ​(UME)​ ស្ថិតក្នុងភូមិខ្លា​កូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ គឺផ្ដើមចេញពីស្នេហាត្រីកោណ

លោកវរសេនីយ៍ឯក​ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកម្រិតធ្ងន់​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ឈី ហាក់ ភេទប្រុស​អាយុ​៣៦​ឆ្នាំ នៅ​ភូមិទួលតា​ម៉ៅ ឃុំអូរតា​គី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យ​កាប់ត្រូវកញ្ចឹងកផ្នែកខាងក្រោយ​ស្លាប់នៅកន្លែងកើតហេតុ។ និងម្នាក់ទៀតឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុស​អាយុ​២០​ឆ្នាំ នៅ​ភូមិ​២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក​ បានបញ្ជាក់ឲ្យដឹងទៀតថា ​ដោយអនុវត្តតាមបទបញ្ជា​របស់លោក ឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ កា​រិយា​ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជា​ផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី នូ​ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ បានបើកប្រតិបតិ្តការស៊ើបអង្កេត​ស្រាវជ្រាវ តាមវិធានការជំនាញ​ឈានដល់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ ចាន់ សំណាង ភេទប្រុស​អាយុ​១៩​ឆ្នាំ នៅ​ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យបានសារភាពថា ខ្លួនពិតជា​បានធ្វើ​សកម្មភាព​យកកាំបិតកាប់ទៅលើ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ​មែន ព្រោះខឹងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បានវាយក្បាលខ្លួនចំនួន​២​ដៃ​កាលពីពីរថ្ងៃមុន​ដោយ​ចោទថា​ខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មានឈ្មោះ​ ឌុក ស៊ៀ​វម៉ី អាយុ​១៤​ឆ្នាំ ដែលជា​ប្រពន្ធរបស់ខ្លួន។

តាមចម្លើយ​សារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា នៅ​យប់កើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះ​ជាមួយខ្លួន​តាមទូរស័ព្ទរួច​ឈ្មោះ​រ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈី ហាក់ ជិះ​ម៉ូតូ​១​គ្រឿងម៉ាកហុងដា​ឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ​ប​.​មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ខ្លួនដល់បន្ទប់​ ដែលពួកគេ​ជួលនៅ។ ពេលនោះខ្លួន (ជនដៃដល់) បានពួនសម្ងំ​នៅ​ខាងក្រៅ ពេលឈ្មោះ​ រ៉ាត់ ពេជ្រ ជិះម៉ូតូមកដល់បាន​ដើរចូលទៅរកបន្ទប់របស់​ប្រពន្ធខ្លួនកំពុងដេក ចំណែក​ឈ្មោះ​ ហាក់ អង្គុយ​នៅលើ​ម៉ូតូ។ បន្ទាប់មកខ្លួន (ជនដៃដល់) បា​នលបទៅ​កាប់​ឈ្មោះ​ ហាក់ ១​កាំបិត​ត្រូវខាងក្រោយក្បាលប្រកាច់ស្លាប់​នៅ​កន្លែងរួចបន្តទៅ​កាប់​ឈ្មោះ ​ពេជ្រ ដែលកំពុងដើរទៅ​បន្ទប់​ប្រពន្ធខ្លួនទៀត បណ្តាលឲ្យរងរ​បួសធ្ងន់​។

ជនដៃដល់បានបន្ដថា ក្រោយពីធ្វើ​សកម្មភាព​រួចខ្លួនបានជិះ​ម៉ូតូ​ជាមួយមិត្តភ័ក្ដិដើម្បី​គេចខ្លួននិងយកកាំបិត​ទៅ​បោះចោល​ក្រោមស្ពានស្ទឹងទឹកថ្លា។​ បន្ទាប់ពីគេចខ្លួនមិនបានប៉ុន្មានម៉ោងផង ​ក៏ត្រូវកម្លាំងនគរបាល សហការណ៍ជាមួយកម្លាំងអាវុធខេត្ត ស្រាវជ្រាវចាប់បានតែម្ដង។

ជនសង្ស័យត្រូវ បានកម្លាំងព្រហ្មទណ្ឌ​កម្រិតធ្ងន់កំពុងកសាងសំណុំរឿង​បញ្ជូនខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕