ភ្នំពេញ៖ ក្រោយពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រកាសជួយធ្វើផ្ទះសមរម្យមួយ ឲ្យក្រុមគ្រួសារនាយប្រុញ ដែលកំពុងមានជីវភាពក្រីក្រខ្លាំង ភ្លាមៗនោះមានសប្បុរសជនជាច្រើន បានចូលរួមជាថវិកាជាបន្តបន្ទាប់ តាមរយៈលោក ពេជ្រ ស្រស់ ឬ ផ្ញើទៅកាន់គ្រួសារនាយប្រុញផ្ទាល់ផងដែរ។
ជាក់ស្ដែង គិតត្រឹមព្រឹកថ្ងៃទី២៣មីនានេះ លោក ពេជ្រ ស្រស់ ថវិកាទទួលបាន ពីសប្បុរសជនមានចំនួន 8300 $ ខណៈលោក ពេជ្រ ស្រស់ នឹងច្នៃធ្វើយ៉ាងណាឲ្យសល់លុយខ្លះ ទុកឲ្យពួកគាត់ដើម្បីទ្រទ្រង់ជីវភាព បានមួយរយៈពេលក្នុងកាលៈទេសៈមេរោគកូវីដកំពុងវាយលុក នៅក្នុងកម្ពុជាយើងសព្វថ្ងៃនេះ។
លោក ពេជ្រ ស្រស់ បានលើកឡើងលើគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៣មីនានេះថា « មកដល់ព្រឹកនេះ គឺខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមាន ចំនួនសរុបគិតជាដុល្លារ គឺ មានចំនួន 8300 $។1, ទទួលបានពីលេខកុងABAខ្ញុំចំនួន 7608$។2, ទទួលបានតាមលេខវីងខ្ញុំចំនួន ២លានរៀល។3, ទទួលបានពីលេខកុង ACLIDA ខ្ញុំចំនួន៨០ម៉ឺន៛។ សរុបគិតជាដុល្លារសុទ្ធ គឺចំនួនរហូតដល់8300$» ។
លោក ពេជ្រ ស្រស់ បានលើកឡើងបន្តថា«ខ្ញុំសូមអរគុណដល់សប្បុរសជនទាំងអស់ ដែលអាណិតដល់ក្មួយប្រុញ និង គ្រួសារក្មួយប្រុញ ហើយបានជួយធ្វើផ្ទះជូនពួកគាត់តាមរយៈខ្ញុំឲ្យ មានផ្ទះរស់នៅសមរម្យ ប៉ុន្តែថវិកាទាំងអស់នេះ គឺខ្ញុំនឹងសាងសង់ផ្ទះដោយមានការប្រុងប្រយ័ត្ន បំផុត ជៀសសាងសង់អស់លុយ បែរជាផ្ទះសាងសង់មិនរួចរាល់ ម្យ៉ាងវិញទៀតខ្ញុំនឹងច្នៃធ្វើយ៉ាង ណាឲ្យសល់លុយខ្លះទុក ឲ្យពួកគាត់ដើម្បីទ្រទ្រង់ ជីវភាពបានមួយរយៈពេលក្នុងកាលៈទេសៈមេរោគ កូវីដកំពុងវាយលុក នៅក្នុងកម្ពុជាយើង សព្វថ្ងៃនេះ»។
នៅថ្ងៃនេះដែរក្រុមការងារ របស់លោក ពេជ្រ ស្រស់ កំពុងតែចុះទៅផ្ទះក្មួយប្រុញ ដើម្បីសិក្សាម៉ូតផ្ទះឲ្យលំអិតជាមួយ គ្រួសារក្មួយប្រុញ និងឲ្យជាងចូលធ្វើផ្ទះតែម្តង ។ បើសិនជាបងប្អូនខ្មែរ ចង់បន្តឧបត្ថម្ភជូនក្មួយប្រុញ ដើម្បីមានថវិកាប្រើប្រាស់ផ្សេងៗ ក្នុងជីវិតរបស់ គាត់គឺបងប្អូនអាចបន្តចូលរួម តាមរយៈលោក ពេជ្រ ស្រស់ ទៀត បានដោយក្មួយប្រុញធ្វើឲ្យយើង មានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើច ឲ្យក្មួយប្រុញវិញទៅ
ម្នាក់បន្តិចដើម្បីស្នាមញញឹម ក្មួយប្រុញលេខ ABA របស់លោក ពេជ្រ ស្រស់ 070777771 => PICH SROSបើផ្ញើតាមវីងគឺលេខទូរស័ព្ទដៃ 070757777»។
សូមរំលឹកថា ក្រោយឃើញពីទុក្ខលំបាក របស់ក្រុមគ្រួសារ នាយប្រុញដែលមានឪពុកជាជនពិការផងនោះ កាលពីថ្ងៃទី២១មីនាម្សិលមិញ លោក ពេជ្រ ស្រស់់ ប្រធានគណបក្សយុវជនកម្ពុជា ប្រកាសជួយធ្វើកូនផ្ទះជូនពួកគាត់ ឲ្យបានសមរម្យជាងផ្ទះ គាត់បច្ចុប្បន្ននេះ៕