ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានធ្វើការពិន័យអន្តរការណ៍ ចំពោះម្ចាស់រថយន្ត០៤គ្រឿង ដែលបានបើកគេចវេះ ប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ។
យោងតាមរបាយការណ៍ សមត្ថកិច្ចស្រុកព្រៃនប់ នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖
ករណីទី១៖ រថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។
ករណីទី២៖ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-0439 បើកបរដោយឈ្មោះ អុឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ។
ករណីទី៣៖ រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។
ករណីទី៤៖ រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3BD-0184 បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស។
យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ ” បទមិនគោរពវិធានការរដ្ឋបាល ” ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌ ដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការ រដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។
សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕