សម្ដេចតេជោ លើកទឹកចិត្តឲ្យក្រុមហ៊ុន អភិវឌ្ឍអចលនវត្ថុ បន្ធូរបន្ថយដល់ពលរដ្ឋដែលទិញផ្ទះ និងខុនដូរ ក្នុងបរិបទជំងឺកូវីដ-១៩

0

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងអំពាវនាវឲ្យ ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា បន្ធូរបន្ថយដល់ប្រជាពលរដ្ឋក្នុងការ ទិញផ្ទះ និងខុនដូរ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ដោយទទួលបានអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យអចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ និងវិធានការអនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។

ប្រភពដដែល បន្ដថា ក្នុងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយ បញ្ហាសម្ពោធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ធ្វើការអំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ដូចជា ៖

ទី១-ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។

ទី២-លើកលែង ការផាកពិន័យ ចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់តាមកាលកំណត់។

ទី៣-មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់រំលស់។

ទី៤-ដាក់ចេញនូវគោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។

និងទី៥-អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។

ជាងនេះទៅទៀត ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗបន្តទៀត ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់៕