កម្ពុជា ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ នាយករដ្ឋមន្ដ្រីឡាវថ្មី ខណៈលោក ថងលុន ស៊ីសុលីត ជាប់ឆ្នោតជាប្រធានរដ្ឋ

0

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្តេជ្ញាចិត្តនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ នាយករដ្ឋមន្ដ្រីឡាវ បន្តវេនពីលោក ថងលុន ស៊ីសុលីត ដែលជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ ដើម្បីពង្រឹង ទំនាក់ទំនងដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយយូរអង្វែងរវាង កម្ពុជា និងឡាវ។

លោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) ត្រូវបានសម័យប្រជុំរដ្ឋសភាឡាវ (NA) នីតិកាលទី ៩ នាថ្ងៃនេះ បានបោះឆ្នោតជ្រើសរើស ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះជំនួស លោក ប៊ុនញាំង វរជីត (Bounnhang Vorachit)។

តាមរយៈលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសតាំង ជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»។

សម្តេចតេជោ បានចាត់ទុកថា ការជ្រើសតាំងដ៏ស័ក្តិសមសម្រាប់ លោក ថងលុន ស៊ីសុលីត ក្នុងមុខតំណែងកំពូលនេះ បានសបញ្ជាក់ឱ្យឃើញអំពីទំនុកចិត្ត និងការជឿជាក់ខ្ពស់របស់ប្រជាជនឡាវ ចំពោះសមត្ថភាពដឹកនាំ និងការលះបង់ ក្នុងការបម្រើជាតិមាតុភូមិរបស់លោក ជាពិសេសក្នុងការដឹកនាំប្រទេសឡាវ ឆ្ពោះទៅរកវិបុលភាព និងអនាគតកាន់តែ ភ្លឺស្វាង។

សម្ដេចតេជោ សម្ដែងនូវអំណរគុណដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ លោក ថងលុន ស៊ីសុលីត សម្រាប់ការពូនជ្រុំទំនា ក់ទំនងជាប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងអាណត្តិរបស់ លោក ជានាយករដ្ឋមន្ត្រី នៃសាធារ ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្ដេចតេជោ បន្ដថា ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសពីរ ដែលផ្អែកលើស្មារតីនៃភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាព មិនត្រឹមតែបានចូលរួម ចំណែកដល់សុខុមាលភាពរបស់ ប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកដល់ សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ព្រមទាំងពិភពលោកទាំងមូល ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមសម្ដែងនូវការប្តេជ្ញាចិត្ត នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងនាយក រដ្ឋមន្រ្តីបន្តវេនពី ឯឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ លើគ្រប់វិស័យទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ ព្រមទាំង ដើម្បីវិបុលភាពកាន់តែធំធេងរបស់សហគមន៍ អាស៊ាន និងសកលលោក»៕