លម្អិតករណីបុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា បុរសជនជាតិខ្មែរ មានអាយុ៧៥ឆ្នាំ ម្នាក់ទៀតហើយបានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនាថា «យោងតាមរបាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា រាជធានីភ្នំពេញ បានទទួលមរណភាព នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត»។

បុរសវ័យ ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងសភាពហត់ខ្លាំង។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា គាត់មានអាការហត់ខ្លាំង និងពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាង រហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយៈពេល ៣-៤ថ្ងៃ មុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំកាយ លើសឈាមផង។

ក្រោយពីការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមាន ខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែ មិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។ សូមបញ្ជាក់ថា បុរសខាងលើនេះ មានតេស្តវិជ្ជមាន វីរុសកូវីដ-១៩ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

តាមសេចក្តីស្និដ្ឋាន អ្នកជំងឺបានស្លាប់ នៅថ្ងៃទី២២ មីនា ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវី៥-១៩ ៕