លោក ពេជ្រ ស្រស់ បង្ហាញគំរូប្លង់ និងការចំណាយ សម្រាប់សង់ផ្ទះជូននាយប្រុញ

0

ភ្នំពេញ៖ ក្រោយឃើញពីទុក្ខលំបាក របស់ក្រុមគ្រួសារនាយប្រុញ ដែលមានឪពុកជាជនពិការផងនោះ និងបានប្រកាសជួយសាងសង់ផ្ទះសមរម្យមួយឲ្យនោះ ពេលនេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហាញគំរូប្លង់ផ្ទះ និងថវិកាសម្រាប់ការចំណាយ ក្នុងការសាងសង់ផ្ទះសមរម្យមួយនេះ ។

សូមរំលឹកថា កាលពីម្សិលមិញល លោក ពេជ្រ ស្រស់ បានប្រកាសជួយធ្វើកូនផ្ទះ ជូនក្រុមគ្រួសារនាយប្រុញ ឲ្យបានសមរម្យ ជាងផ្ទះគាត់បច្ចុប្បន្ននេះ។

មេបក្សយុវជនកម្ពុជា បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ មីនានេះថា «ប្រុញ អើយ ប្រុញ ផ្ទះថ្មីរបស់ក្មួយនឹងបានឆាប់ៗ នេះហើយ ដោយឥឡូវបងប្អូនដែលអាណិតក្មួយ បានរួមគ្នាជួយក្មួយមានទឹកប្រាក់ គឺជាង 2000$ហើយ ក៏មានបងប្អូនកំពុងផ្ញើជួយក្មួយទៀតដែរ។ ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើចឲ្យក្មួយប្រុញវិញ ទៅម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញ? ???លេខABAខ្ញុំ 070777771 => PICH SROS បញ្ជាក់គម្រោងធ្វើផ្ទះជូនក្មួយប្រុញ ត្រូវការថវិកាប្រមាណជាង 5000$ ដូចរូបដែលបានបង្ហោះ» ។

សូមបញ្ជាក់ផងដែរ តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ មីនា លោក ពេជ្រ ស្រស់ បានប្រកាសថា «បងប្អូនណាស្គាល់ក្មួយប្រុញ ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ខ្ញុំនឹងជួយធ្វើកូនផ្ទះជូនពួកគាត់ ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុក គាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រលេខខ្ញុំ 070757777»៕