ភ្នំពេញ៖ មេខ្យល់ជំនាញធ្លាប់នាំពលករឆ្លងដែន បានជាច្រើនដងរាប់មិនអស់ ពេលនេះត្រូវអស់លក្ខ៍ត្រឹមចុងក្រោយ នាំពលករចំនួន ១៦នាក់ តាមគោយន្តកន្ត្រៃ ឆ្លងដែនទៅប្រទេសថៃ ។ ហេតុការណ៍ឃាត់ខ្លួន ធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ត្រង់ចំណុចចំការស្វាយចន្ទី ជិតភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យជាមេខ្យល់មានឈ្មោះ តេង តុញ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង ១១និង៣០នាទីយប់កម្លាំងចម្រុះបានដើរល្បាតនៅតាមព្រំដែន ហើយបានឃាត់គោយន្តកន្ត្រៃ ដឹកពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន ១៦នាក់ ស្រីចំនួន៦នាក់ ក្នុងនោះកុមារម្នាក់ មកពីខេត្តព្រៃវែង ៥នាក់ ខេត្តឧត្តរមានជ័យ ៧នាក់ ក្នុងខេត្តបន្ទាយមានជ័យ ៤នាក់ កុមារម្នាក់ រួចនាំមកសួនាំនៅអធិការដ្ឋាន នគរបាលស្រុកស្វាយចេក។
តាមចម្លើសារភាពរបស់ឈ្មោះ តេង តុញ ថាខ្លួនបានដឹកពលករឲ្យទៅឈ្មោះពឺន ពេត ជាមេខ្សល់លួចនាំឆ្លងដែនទៅប្រទេសថៃចំនួន ១០លើកមកហើយដែលមានពលករសរុបចំនួន ១៣៤នាក់ ហើយដឹកក្នុង១លើក ឈ្មោះពឺន ពេត ឲ្យតម្លៃ១លើក ពី៥០០បាតទៅ ១,០០០បាត តាមមនុស្សតិចឬច្រើន ហើយលើកទី១០នេះខ្លួនដឹកពលករចំនួន១៦នាក់ កុមារម្នាក់តម្លៃ ១,០០០បាត ចំណែកពលករម្នាក់ត្រូវឈ្មោះ ពឺន ពេត មេខ្សល់នោះយកតម្លៃ ៤,០០០បាតទៅដល់ដីថៃ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ។ ចំពោះជនសង្ស័យជាមេខ្សល់ឈ្មោះ ពឺន ពេត នគរបាលស្រុកស្វាយចេកកំពុងតាមប្រម៉ាញ់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ ៕