៣កាំបិតរបួសធ្ងន់ ខណៈកំពុងលង់លក់ក្នុងដំណេក

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ហក់មកកាប់បីកាំបិតរងរបួសធ្ងន់ ខណៈ ដែលជនរងគ្រោះ ឃើញឡើងលើធ្នឹមផ្ទះរបស់ខ្លួន ហើយក៏ស្រែកថាចោរៗ នាម៉ោង០១ រំលងអា ធ្រាត ឈានចូលថ្ងៃទី២១ខែមិនា នៅចំណុចភូមិតាញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

លោក មួ សាម៉េត អធិការរងស្រុកឯកភ្នំខេត្តបាត់ដំបងបានអោយដឹងថា ជនរងគ្រោះឈ្មោះ សួន វីន អាយុ២៦ឆ្នាំ ប្រពន្ធឈ្មោះ វ៉ាន់ លក្ខណៈអាយុ១៦ឆ្នាំ ត្រូវជនសង្ស័យ កាប់ចំនួនបីរកាំបិតរងរបួសធ្ងន់ បីកន្លែង គឺ ចំជើងឆ្វេង ថ្ងាស និង កំភួនដៃ ។ លោក អធិការរងបានបញ្ជាក់ពីហេតុការណ៍អោយដឹងថា តាមការស្រាវជ្រាវ នាម៉ោង១រំលងអាធ្រាត ខណៈដែលជនរងគ្រោះពីរនាក់ប្តីប្រពន្ធខាងលើ កំពុងតែដេកលង់លក់នៅក្នុងផ្ទះរបស់ខ្លួនដែល កំពុងសាងសង់មិនទាន់រួចនោះ ស្រាប់តែជនសង្ស័យម្នាក់ បានឡើងទៅពួនលើធ្នឹមបន្ទប់ ខណៈ ពេលនោះជនរងគ្រោះជាប្តី បានមមីមមើ បើកភ្នែកទៅឃើញមនុស្សស្ទង់ៗលើធ្នឹម ក៏ស្រែកឆោឡោ ថាចោរៗ ។

លោកអធីការរង បញ្ជាក់ថាខណៈពេលដែលជនរងគ្រោះស្រែកដូច្នេះ ជនសង្រ័យបាន ហក់ចុះពីលើធ្នឹមផ្ទះ ហើយស្ទុះសំដៅ ជនរងគ្រោះ កាប់បីកាំបិតផ្ទួនៗ ដោយកាំបិតទី១ កាប់ចំជើងឆ្វេង ហើយកាប់លើក្បាល តែត្រូវជនរងគ្រោះយកដៃរង ក៏ចំកដៃ និង បន្តកាប់ចំថ្ងាស់មួយកាំបិតទៀត ក្រោយពីរងរបួសជនរង គ្រោះបានប្រតាយប្រតប់គ្នាជាមួយចោរ ខណៈនោះជនសង្ស័យ បានស្ទុះរត់ គេចចេញមកក្រៅបាត់ ។

លោកបញ្ជាក់ថាតាមការស្រាវជ្រាវ នៅពេលដែលជនសង្ស័យរត់គេចចេញមកក្រៅ ក៏សុំម៉ូតូអ្នកនៅតាម ផ្លូវជិះសំដៅផ្ទះ អ្នកស្គាល់គ្នាម្នាក់នៅ ឃុំពាមឯកស្រុកឯកភ្នំ នៅពេលទៅដល់ ជនសង្ស័យ បានចូល ទៅក្នុងផ្ទះអ្នកស្គាល់គ្នានោះហើយបានឆក់ទូរស័ព្ទម្ចាស់ផ្ទះនោះ ជិះម៉ូតូចេញទៅបាត់ទៀត ។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវរកជនសង្ស័យខាងលើមកចាត់ការតាមច្បាប់ ខណៈដែលសមត្ថកិច្ចបានបង្ហើបថា ស្គាល់អត្តសញ្ញាណជនសង្ស័យហើយ កំពង់តាមចាប់ខ្លួន៕