ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា វីរុសកូវីដ-១៩ កំពុងតែវ៉ៃលុកយើងហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២០ មីនានេះ លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា «វីរុសកូវីដ-១៩ កំពុងតែវ៉ៃលុកយើងហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ។ បញ្ហាសំខាន់របស់បុគ្គលគ្រប់រូប ដែលជាមនុស្សពេញវ័យនៅពេលនេះ តើយើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បើសូម្បីកូនតូចៗ ក៏ឆ្លងដែរហើយនៅពេលនេះ?» ។
លោកស្រីសង្កត់ធ្ងន់ថា គ្មានអ្វីដែលល្អប្រសើរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បើមិនចាំបាច់ បើចាំបាច់ត្រូវចេញ សុំអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វើការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិន ជាជាងការលំបាកហួសប្រមាណ នៅពេលខាងមុខប្រសិនបើយើងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ) ទើបយើងអាចឆ្លងកាត់ដំណាក់កាល ដ៏លំបាកនេះទាំងអស់គ្នាបាន។
លោកស្រី ឱ វណ្ណឌីន ក៏បានផ្ញើសារជូនពរ ដល់កុមារាតូចនេះ សូមឱ្យកូនបានជាសះស្បើយបានឆាប់ៗ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហើយទាំងអស់ ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោល វិលមករកការជាសះស្បើយឆាប់ៗ និងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវ៉ៃបកសត្រូវមើលមិនឃើញនេះ ដោយអាវុធ ៣ការពារ និង ៣កុំ ៕