ភ្នំពេញ៖ ពិតដែរទេថា គ្រាន់តែលោក ខឹម មុនីកុសល ជាមន្ត្រីនៅការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន សរសេរបង្ហោះហ្វេសប៊ុកថា «បញ្ហា ដែលពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល» ត្រូវលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បណ្ដេញចេញពីក្របខណ្ឌ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Khem Monykosal បានសរសេរថា «បញ្ហា ដែលពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល! មន្ត្រីពេទ្យជាបុគ្គលិកស្រី ត្រូវបានបងប្អូនយើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។ ពេទ្យប្រចាំការតាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានការប្រមាថបែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។ មិនមែនពេទ្យ គួរទទួលខុសត្រូវផ្តាច់មុខអញ្ចឹងទេ។ ការងារចែកបាយ ក៏មិនគួរតែពពេទ្យជាអ្នករាប់រងតែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែរួមចំណែកជួយ មិនមែនមកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេទេ»។
ក្រោយឃើញសារបង្ហោះនេះហើយ នៅថ្ងៃទី១៩ មីនា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដោយមូលហេតុថា «ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។
បន្ទាប់ពីអភិបាលខេត្តប៉ៃលិនចេញលិខិត បណ្ដេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌហើយនោះ មានគណនីហ្វេសប៊ុកឈ្មោះ Kimleng Ya ដែរត្រូវជាប្រពន្ធលោក ខឹម មុនីកុសល បានសរសេរថា «អាណិតលោកប្ដីណាស់ គ្រាន់តែសារប៉ុណ្ណឹង ត្រូវគេបណ្ដេញចេញពីការងារ អយុត្តិធម៌ណាស់» ។
បើសិនជាគ្រាន់តែសរសេរបង្ហោះហ្វេសប៊ុកប៉ុណ្ណេះ ហើយត្រូវអភិបាលខេត្តប៉ៃលិន សម្រេចដេញចេញពីក្របខណ្ឌមន្ត្រីពេទ្យមែននោះ គឺជារឿងមិនគួរកើតឡើងទេ។ អភិបាលខេត្ត គួរតែមានដំណោះស្រាយល្អជាងនេះ។ កោះប្រជុំនៅមណ្ឌលចត្តាឡីស័កនោះ ស្វែងរកបញ្ហា ហើយដោះស្រាយបញ្ហា ដោយបង្រួមបញ្ហា ទៅជាលែងមានបញ្ហា និងលើកទឹកចិត្តមន្ត្រីពេទ្យ រួមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ជួយគ្នា បូករួមទាំងអ្នកធ្វើចត្តាឡីស័កផង ក៏ត្រូវជួយគ្នា។
បើស្តាប់តាមសម្តីពេទ្យខាងលើ គឺក្រុមពេទ្យធ្វើការងារច្រើន លើសពីការងារពេទ្យ ព្រោះគ្រាន់តែចែកបាយទឹក គឺខាងស៊ីវិល ផ្នែករដ្ឋបាល មន្ត្រីធម្មតា ធ្វើការងារនេះ ឬក៏ចូលរួមពីក្រុមអ្នកធ្វើចត្តាឡីស័ក ដោយដាក់តុ ហើយឲ្យពួកគាត់ ដើរទៅយកក៏បាន។
យ៉ាងណាក៏ដោយ ករណីនេះ គួរតែមានការបកស្រាយ និងដោះស្រាយប្រសើរជាងការសម្រេចបណ្តេញមន្ត្រីពេទ្យ ចេញពីក្របខណ្ឌ។ បើសិនជាធ្វើដូច្នេះមែន នោះពេទ្យនៅមណ្ឌលចត្តាឡីស័ក មន្ទីរបក្សខេត្តប៉ៃលិន ពិតទទួលរងនូវភាពអយុត្តិធម៌បំផុតហើយ៕