សង្វេគណាស់! ក្មេងប្រុសអាយុទើបតែ៦ឆ្នាំ ម្នាក់ត្រូវបានក្រុមគ្រូពេទ្យ មកយកទាំងយប់ ក្រោយរកឃើញឆ្លងកូវីដ១៩ ពីម្ដាយ

0

ភ្នំពេញ៖ គួរអោយសង្វេគ ក្រោយពេលឃើញរូបភាពក្មេងប្រុសម្នាក់ យួរថង់ និងស្ពាយកាបូប ត្រូវបានក្រុមគ្រូពេទ្យ មកយកទាំងយប់ ក្រោយរកឃើញថា ក្មេងប្រុសម្នាក់នេះ បានឆ្លងជំងឺកូវីដ១៩ ពីម្ដាយរបស់ខ្លួននៅខណ្ឌឬស្សីកែវ ។

បើតាម លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ រួមមាន ៖

១/ អ្នកជំងឺកុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តឲ្យធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។

២/ អ្នកជំងឺស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១ នាក់) ត្រូវបានឲ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ។
ជាចុងក្រោយ អាជ្ញាធរ កំពុងបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។

បច្ចុប្បន្ននេះ អ្នកជំងឺ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។