ឃោរឃៅណាស់! ជនសង្ស័យ ១ក្រុម ល្បួងស្ត្រីវ័យ ៦១ឆ្នាំម្នាក់ ទៅផឹកស៊ី រួចចាប់រំលោភសម្លាប់ចោល លើខ្នងប្រឡាយ

0

ភ្នំពេញ៖ ជនសង្ស័យ ១ក្រុមបានល្បួងស្ត្រីម្នាក់ ទៅផឹកស៊ីជាមួយ រួចក៏ចាប់រំលោភ​ និងសម្លាប់ចោលលើខ្នងប្រឡាយតែម្ដង ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅត្រង់ខ្នងប្រឡាយភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមស្ត្រីឈ្មោះ អី ចាន់ឌី អាយុ៤០ឆ្នាំ ត្រូវជាកូនជនរងគ្រោះឈ្មោះ ចាន់ ធី ហៅពៅ អាយុ៦១ឆ្នាំ បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុមួយថ្ងៃ ម្តាយគាត់បានទៅលក់ពោតស្ងោរ នៅផ្សារត្រពាំងក្រឡឹង ដល់ពេលថ្ងៃត្រង់បានត្រឡប់មកផ្ទះវិញ ស្រាប់តែមានឈ្មោះ ធី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិជាមួយគ្នា បានយកម៉ូតូមកដឹកម្តាយគាត់ទៅផឹកស៊ី និងបានយកលុយដែលបានមកពី ការលក់ដូរទៅជាមួយផងដែរ ។

ប្រភពដដែលបន្តថា ដល់ម៉ោង ៣រសៀលម្តាយគាត់បានទូរស័ព្ទមកថា ឲ្យខ្លួនស្ងោរពោតយក ទៅលក់នៅមុខរោងចក្រផង ព្រោះគាត់ស្រវឹងហើយ។ រហូតដល់ម៉ោង ៨យប់ទើបដឹងថា ម្តាយគាត់បានស្លាប់នៅខ្នងប្រឡាយ ភូមិវល្លិ៍ប្រេងបាត់ទៅហើយ ។

ក្រោយពីកម្លាំងជំនាញ ចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចមកឃើញថា ជនរងគ្រោះត្រូវបានគេរំលោភ និងបាក់ឆ្អឹងកទើបធ្វើឱ្យស្ត្រីស្លាប់ ។ ដោយនៅក្នុងទ្វារមាសរបស់ជនរងគ្រោះ មានប្រឡាក់ទឹកកាម។ សមត្ថកិច្ចឃាត់ជនពាក់ព័ន្ធ ៤នាក់ យកមកសាកសួរ ៕