ភ្នំពេញ៖ លោក រិទ្ធ សារី នាយករងរដ្ឋបាលសាលាស្រុកបាធាយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក យួន វណ្ណៈ អាយុ៥១ឆ្នាំ មានតួនាទី អនុប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ប្រពន្ធឈ្មោះ ជា ស្រីមុំ រស់នៅភូមិបាធាយ-ឃុំ-ស្រុកបាធាយ ខេត្តកំពង់ចាម បានជាប់ពាក់ព័ន្ធនិងកូនប្រុសបង្កើតដែលមានផ្ទុក វិជ្ជមានកូវីដ១៩ ។
លោក រិទ្ធ សារី បន្តថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក យួន វណ្ណៈ បានមករាយការណ៍ ដល់រដ្ឋបាលស្រុកបាធាយថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កូនប្រុសរបស់គាត់ម្នាក់ឈ្មោះ មាន សុវណ្ណណែត អាយុ ២០ឆ្នាំ ធ្វើការនៅភ្នំពេញ ហើយពួកគាត់ទាំងពីរនាក់ឪពុកកូន បានជួបប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការរបស់ សុវណ្ណ ណែត នៅភ្នំពេញ ហើយពេលនោះ សុវណ្ណណែត មិនបានមកស្រុកជារូបគាត់ទេ ប៉ុន្តែគេបានផ្ញើរលុយសម្រាប់ ចងដៃការបងប្អូនតាមរយៈរូបគាត់ជាឪពុក។ លុះដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សុវណ្ណណែត បានទូរស័ព្ទមកប្រាប់រូបគាត់ថា សុវណ្ណណែត មានផ្ទុកវិជ្ជមានកូវីដ១៩ ហើយពេលនេះគេកំពុងសម្រាកព្យាបាល នៅសណ្ឋាគារមួយនៅភ្នំពេញ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ពីអាជ្ញាធរស្រុកបាធាយ ភ្លាមៗនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោកបានចាត់ឲ្យអាជ្ញាធរស្រុក និងមន្ត្រីសុខាភិបាលចុះទៅដល់ផ្ទះរបស់លោក យួន វណ្ណៈ ដើម្បីធ្វើការសាកសួរព័តមានបន្ថែម ជាពិសេសអ្នកពាក់ព័ន្ធក្នុងកំឡុងពេលដែលលោក យួន វណ្ណៈ មកពីជួបកូនប្រុសរបស់គាត់វិញ។
ខណៈនោះ លោក យួន វណ្ណៈ បានប្រាប់ឲ្យអាជ្ញាធរដឹងថា រូបគាត់មិនបានទៅដើរលេងខាងក្រៅទេ ទាំងកាលនៅភ្នំពេញ និងពេលមកដល់ស្រុកបាធាយវិញ ប៉ុន្តែធ្លាប់បានទៅជួយលក់ដូរប្រពន្ធ ក្នុងមន្ទីរពេទ្យបង្អែក ស្រុកបាធាយ និងទៅធ្វើការនៅការិយាល័យ របស់គាត់នៅសាលាស្រុកបាធាយ។
លោក យួន វណ្ណៈ បន្តថា ចំពោះអ្នកដែលប្រាស្រ័យទាក់ទងជិតស្និទ្ធ ជាមួយរូបគាត់គឺមានតែអ្នកស្រី ជា ស្រីមុំ ដែលជាប្រពន្ធរបស់គាត់ ក្រៅពីនេះមានមនុស្ស ៣០នាក់ផ្សេងទៀត បានប្រាស្រ័យទាក់ទង ដោយប្រយោលប៉ុណ្ណោះ។ ដោយឡែកអ្នកពាក់ព័ន្ធ ក្នុងចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ តាមរយៈនៃការស្រាវជាវរបស់ អាជ្ញាធរបានរកឃើញថា អ្នកពាក់ព័ន្ធនិងឈ្មោះខាងលើមានសរុប ៥១នាក់ ក្នុងនោះមន្ត្រីរាជការសាលាស្រុក ៣០នាក់ និងអ្នកពាក់ព័ន្ធជាមួយអ្នកស្រី ជា ស្រីមុំ មាន ២១នាក់ ហើយពេលនេះ អ្នកទាំង ៥១នាក់ខាងលើ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាលតម្រូវឲ្យធ្វើចត្តាលីស័ក នៅតាមផ្ទះរៀងៗខ្លួន ក្រោមការជួយ ទំនុកបម្រុងពីគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមានលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ជាប្រធាន។
លោក ផេន សុផល អភិបាលស្រុកបាធាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាលាស្រុកមួយចំនួនធំ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដូច្នេះក្នុងរយៈពេលនេះរដ្ឋបាលស្រុក ពុំមានមន្ត្រីគ្រប់គ្រាន់សម្រាប់បម្រើ សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដូចសព្វមួយដងទេ ហេតុនេះហើយរដ្ឋបាលស្រុកបាធាយ សូមមេត្តាអធ្យាស្រ័យចំពោះ ការបម្រើសេវាសាធារណៈមានការយឺតយ៉ាវ នៅក្នុងកំឡុងពេលមន្ត្រីកំពុងធ្វើចត្តាឡីស័ក។
សូមជម្រាបថា មកដល់ពេលនេះ អ្នកទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានអាជ្ញាធរ និងមន្ត្រីសុខាភិបាលបញ្ជូនទៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត២ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕