ជិះឌុបគ្នាយ៉ាងលឿន ជ្រុលបុកបង្កាន់ដៃស្ពាន ផ្លោងម៉ូតូធ្លាក់ចុះក្រោម ខ្ទាតអ្នកបើកបោកក្បាលស្លាប់ម្នាក់ និងរបួសម្នាក់

0

ភ្នំពេញ៖ យុវជន ២នាក់ បានជិះម៉ូតូឌុបគ្នា ក្នុងល្បើឿនលឿនដូចហោះ ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពាន ផ្លោកធ្លាក់ចុះក្រោម បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងជិះគ្នា ២នាក់ បើកទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានបុកបង្កាន់ដៃស្ពាន បណ្ដាលឱ្យផ្លោងធ្លាក់ម៉ូតូពីលើស្ពាន ខណៈអ្នកបើកបរ ខ្ទាតបោកក្បាលនឹងស្ពានស្លាប់ភ្លាមៗនៅកន្លែង រីឯរួមដំណើរមានរបួស។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យឃើញថា ម៉ូតូបង្កម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ2017 ពាក់ស្លាកលេខកំពង់ស្ពឺ1J-9634 ។ បើកបរដោយឈ្មោះ យ៉ន អ៊ួក ភេទប្រុស អាយុ16ឆ្នាំ នៅភូមិពង្រ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ(ស្លាប់) ។ អ្នករួមដំណើរឈ្មោះ អ៊ុ គី ភេទប្រុស អាយុ16ឆ្នាំ នៅភូមិឃុំជាមួយគ្នា (របួស)ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំពោះម៉ូតូ ១គ្រឿងខូចខាតធ្ងន់ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃក្មេងផងដែរ ៕