ភ្នំពេញ៖ សិស្សសាលាចំនួន ២០នាក់ រៀននៅវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់លោកគ្រូអ្នកគ្រូ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ។ នេះបើយោងតាម AKP ។
បើតាមការបញ្ជាក់ពីលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីថា ហេតុការណ៍ នេះបានកើតឡើងនៅម៉ោងប្រមាណ ៩និង៣០នាទី នាថ្ងៃទី១៧ ខែមីនានេះ គឺមានសិស្សដែលកំពុងរៀននៅវិទ្យាល័យភ្នំធំ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នៅក្នុងសាលានេះ ហើយបាននាំគ្នាដឹកបញ្ជូន យកទៅកាន់មន្ទីរពេទ្យធ្វើការជួយសង្គ្រោះបន្ទាន់នោះ។

លោកអភិបាលស្រុកមង្គលបូរីរូបនេះ បានបញ្ជាក់ទៀតថា មូលហេតុដែលបង្កឱ្យ មានសិស្សសាលាដួលសន្លប់ ជាបន្តបន្ទាប់បែបនេះ អាចបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងហប់ខ្យល់ ទើបធ្វើឱ្យសិស្សដែលកំពុងតែរៀន មានអាការៈថប់ដួលសន្លប់តែម្តង។ ក្រោយពី ទទួលបានព័ត៌មាននេះភ្លាម លោកក៏បានចុះទៅដល់ទីតាំង ដើម្បីបញ្ជូនសិស្សានុសិស្ស រងគ្រោះទាំងអស់នោះទៅកាន់មន្ទីរពេទ្យ ដោយខ្លះដឹកតាមម៉ូតូ ទៅមន្ទីរពេទ្យ និងគ្លីនិកឯកជនក្បែរនោះ និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំនួន៥នាក់។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ទៀតថា រហូតមកទល់ម៉ោង ១២ថ្ងៃត្រង់នេះ សិស្សដែលបានដួលសន្លប់ទាំង ២០នាក់នោះ មានអាការៈធូរស្បើយ និងបានត្រលប់ទៅគេហដ្ឋាន រៀងខ្លួនខ្លះហើយដែរ នៅសល់មួយចំនួនពេទ្យ កំពុងបន្តតាមដានដែល អាចអនុញ្ញាតឱ្យចេញទៅផ្ទះ នៅរសៀលនេះផងដែរ ៕