ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាល ប៉ុស្តិ៍កាកាបទី ១ ចាប់ឃាត់ខ្លួន ក្រោយប្រើប្រាស់អំពើហិង្សា ដោយចេតនាកាប់បងថ្លៃខ្លួនឯង រងរបួសធ្ងន់ ។ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនាវេលាម៉ោង ២និង ២០ នាទីរសៀលថ្ងៃទី ១៦ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចភូមិប៉ប្រក់ខាងជើងក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនដៃដល់ត្រូវជាប្អូនថ្លៃ ដែលបានធ្វើសកម្មភាពកាប់ ទៅលើបងថ្លៃ របស់ខ្លួនបណ្ដាលឲ្យរងរបួសធ្ងន់ មានឈ្មោះ ឆៃ ភេទប្រុស អាយុប្រហែលជាង ២០ ឆ្នាំ។ ចំណែកឯជនរងគ្រោះត្រូវជាបងថ្លៃ មានឈ្មោះ សុខ លាង ភេទប្រុស ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវជាបងថ្លៃ ជាមួយនិងជនដៃដល់ជាប្អូនថ្លៃបានឈ្លោះប្រកែកគ្នាតឹងសរសៃកដោយសារប្អូនថ្លៃខឹងបងថ្លៃរបស់ខ្លួនមិនរវីរវល់នឹងបងស្រីដើរចោលបាត់ៗ ភ្លាមនោះជនដៃដល់ដែលត្រូវជាប្អូនថ្លៃបានទាញកាំបិតកាប់ ទៅលើបងថ្លៃ បណ្ដាលឲ្យរបួសធ្ងន់ធ្ងរត្រូវក្បាល បន្ទាប់មកក៏បានរត់គេចខ្លួន ចូលទៅក្នុងវត្តពោធិ៍ចិនតុង តែត្រូវបានកម្លាំងសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ ដេញចាប់បាន យកមកសាកសួរនៅប៉ុស្តិ៍កាកាបទី ១។
ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិ បញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងភ្លាមៗ តែដោយសារស្ថានភាពរបួស របស់ជនរងគ្រោះធ្ងន់ធ្ងរពេក ក៏បានបញ្ជូន បន្តទៅកាន់មន្ទីរពេទ្យព្រះកុសមៈដើម្បីសង្គ្រោះជីវិត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សាកសួរនៅក្នុង ប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី ១ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕