ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនស្ត្រីម្នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយនាងបង្ហោះសារមិនពិត តាមបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។
មន្ត្រីសមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ ស្ដ្រីរូបនេះមានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ «គឹមសាន អូក្រា» ហើយបានបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចលថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឱ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»។
គួររំលឹកថា៖ស្ដ្រីឈ្មោះ ថត គឹមសាន ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ និងនគរបាលខណ្ឌទួលគោក សហការជាមួយនាយកដ្ឋាន ស៊ើបការណ៍ ក្រៅបច្ចេកទេស ចាប់ខ្លួនកាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រួចបញ្ជូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕