ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នុំសុំឲ្យអាជ្ញាធរគ្រប់ខេត្ត ទូទាំងប្រទេសកម្ពុជា មេត្តារំពៃមើលពួកទុច្ចរិត អាងទឹកលុយ ដែលហ៊ានលួចចាក់ដីបំពានដីរបស់រដ្ឋ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនផង កុំឲ្យកូវីដ១៩ទៅអស់ហើយ អស់ទាំងទ្រព្យសម្បត្តិជាតិ ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី១៦ មីនានេះថា «រំលោភទៀតហើយ ! ដីចំណីមាត់ព្រែក និងព្រៃកោងកាង ដែលជាសម្បត្តិរដ្ឋ នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា កំពុងត្រូវបានក្រុមជនខិលខូចអាងទឹកលុយ គឺហ៊ានលួចចាក់អាចម៍ដី បំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានកោតខ្លាចនូវ អាជ្ញាធរស្រុកខេត្តឡើយ ក្នុងន័យនេះសូមអាជ្ញាធរ គ្រប់ជាន់ថ្នាក់ជួយមើលៗផង ហើយសូមអាជ្ញាធរ គ្រប់ខេត្តទូទាំងប្រទេសកម្ពុជា សូមរំពៃមើលពួកទុច្ចរិតផងទាន ក្រែងលោកូវីដ១៩ទៅអស់ ហើយអស់ទាំងទ្រព្យជាតិទៀត» ។
ទាក់ទិនករណីនេះលោក ពេជ្រ ស្រស់ ក៏បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី១៥ មីនាដែរថា «អ្វីដែលខ្ញុំព្រួយបារម្ភនោះ នៅពេលប្រទេស កំពុងច្របូកច្របល់ គឺតែងតែលេចកញ្ច្រោង ដើរលេបទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋស្លូតត្រង់ ដូចក្នុងករណីនេះអញ្ចឹងដែរ ដោយមានកញ្ជ្រោង កំពុងលេបចំណី ឆ្នេរសមុទ្រនៅឯទឹកដី ខេត្តព្រះសីហនុ ក្នុងន័យនេះដែរគឺខ្ញុំសូមស្នើ ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មការ គ្រប់គ្រងឆ្នេរសមុទ្រ សុំអនុវត្តច្បាប់ឲ្យបានតឹងរឹង លើពពួកកញ្ជ្រោង (ជនទុច្ចរិត) ដោយកុំសម្រប សម្រួលណាមួយឲ្យសោះ ជៀសវាងអំពើ ដដែលកើតឡើងទៀត» ។
ប្រធានគណបក្សយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា «ច្បាប់ចាប់ពួកខូច ហើយច្បាប់ ក៏គ្មានការសម្របសម្រួលដែរ បើសិនជាមានការសម្របសម្រួលណាមួយ គឺថាអ្នកកាន់ច្បាប់នោះ បាននឹងកំពុងតែចូលដៃគ្នា ជាមួយពពួកកញ្ជ្រោង(ជនទុច្ចរិត) ដោយមិនអាចប្រកែក បានឡើយ» ។
សូមរំលឹកថា រដ្ឋបាលស្រុកស្ទឹងហាវ នៅថ្ងៃទី១៥ មីនា បានចេញសេចក្ដីជូនដំណឹង ស្តីពីករណីជនឆ្លៀតឱកាសចាក់ដី ចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ រដ្ឋបាលស្រុកស្ទឹងហាវ បញ្ជាឱ្យជនឆ្លៀតឱកាស កាយដី ចេញវិញជាបន្ទាន់ និងចូលខ្លួនដោះស្រាយ ជាមួយរដ្ឋបាលស្រុក បើពុំដូច្នោះទេអាជ្ញាធរ នឹងធ្វើការស្រាវជ្រាវ ចាត់វិធានការផ្លូវច្បាប់ ៕