ភ្នំពេញ៖ ក្មេងស្រី ២នាក់បងប្អូនបង្កើត បានជិះកង់ចេញពីភ្នំពេញ បំណងទៅផ្ទះនៅខេត្តកំពង់ចាម បានវង្វេងផ្លូវមកដល់ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ នៅព្រឹកថ្ងៃទី១៥ មីនា ប្រជាពលរដ្ឋប្រទះឃើញ ក្មេងស្រីទាំង ២នាក់ បានជិះកង់ម្តុំភូមិដើមពពេល ឃុំថ្មឥដ្ឋ ដោយសង្ស័យក៏ឃាត់សួរនាំ ទើបដឹងថា ពួកនាងវង្វេងផ្លូវ ។
ជនរងគ្រោះជាបងស្រីឈ្មោះ ឡាយ ស៊ីងឡាង អាយុ១៤ឆ្នាំ និងប្អូនស្រីឈ្មោះ ឡាយ ស៊ីងលាន់ អាយុ១២ឆ្នាំ ក្មេងទាំង ២នាក់នៅភូមិ អូរស្ទឹងឆ្លាំង ស្រុកចម្ការលើ ខេត្តកំពង់ចាម មានឪពុកឈ្មោះ ឡាយ និងម្ដាយឈ្មោះ ជីម ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ប្រមាណ១ខែមុន ក្មេងទាំងពីរនាក់ត្រូវបានម្ដាយមីងម្នាក់ឈ្មោះ ហៀងនាំយកទៅនៅជាមួយនៅឯភ្នំពេញ។ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថ្ងៃត្រង់ ក្មេងស្រីទាំងពីរនាក់បានជិះកង់ចេញពីភ្នំពេញ ដោយមិនបានប្រាប់ម្ដាយមីងទេ។ ពួកគាត់មានបំណងត្រឡប់ ទៅស្រុកកំណើតឯខេត្តកំពង់ចាមវិញ តែពួកគេមិនស្គាល់ផ្លូវទើបជិះវង្វេងផ្លូវ ធ្លាក់មកដល់កំពង់ឆ្នាំង ។
លោកអធិការនគបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់នៅព្រឹកថ្ងៃទី១៦ មីនាថា ក្មេងស្រីទាំង ២នាក់នេះមានអ្នកមើលថែរក្សាហើយ ។ លោកអធិការក៏បានអំពាវនាវ ដល់បងឪពុកម្តាយបងប្អូនសាច់ញាតិ ក្មេងស្រីទាំង ២នាក់ដែលមានភិនភាគដូចរូបភាពនេះ សូមមេត្តាមកទំនាក់ទំនងជាមួយ សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាច ដើម្បីនាំយកពួកគាត់ទៅវិញ ៕