ភ្នំពេញ៖ ក្រោយពីឃើញអ្នកលេង បណ្ដាញសង្គមបង្ហោះ និងចែករំលែកនូវវីដេអូ ព្រះចៅអធិការវត្តរាជបូណ៌ ព្រះតេជគុណ ពិន សែម ប្រើរំពាត់ផ្ដៅវាយប្រដៅទៅលើភិក្ខុ និងសាមណេរនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ឪពុកខឹង ឪពុកកាច ព្រោះឪពុកខ្លាចកូនខ្លៅ បើកូនល្ងង់គេដៀលម៉ែឪមិនចេះប្រដៅ តម្រង់ទិសពុកវ៉ៃ លើសលួសព្រោះជ្រុលដៃ គ្មានចេតនាអ្វីឲ្យកូនឈឺ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជា បានបញ្ចេញទស្សនៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ មីនានេះថា «ឪពុកខឹង ឪពុកកាច ព្រោះឪពុកខ្លាចកូនខ្លៅ បើកូនល្ងង់គេដៀលម៉ែឪមិនចេះប្រដៅ តម្រង់ទិសពុកវ៉ៃលើសលួសព្រោះជ្រុលដៃ គ្មានចេតនាអ្វីឲ្យកូនឈឺ ស្នូររំពាត់លេចលាន់ឮ កូនស្រែកថាឈឺផ្អើលអស់អ្នកជិតខាង អ្នកខ្លះគេសំអាងកាង
យករឿងមកទុក បុកសម្រុក ថាឪពុកឃោឃៅគេស្រែកវ៉ៅៗស្វែងរកយុត្តិធម៌ គេខ្លះទៀតថា ឪពុកខ្លៅប្រដៅកូនប្រើហិង្សា ប៉ុន្តែពួកគេភ្លេចថាពេលកូនភ្ញា ដើរខុសមាត្រាគេនឹងដៀលថា ពុកចោលម្សៀតគ្មានមាយាទ ប្រដៅកូនឲ្យល្អជាការយល់ ឃើញរបស់ខ្ញុំលោកឪ សែម គឺមិនខុសទេ ប៉ុន្តែរាងជ្រុលដៃបន្តិច ខ្ញុំនៅចាំពាក្យអ្នកស្រុកជំនាន់ពីដើមដែលចង់យកកូនទៅផ្ញើរ
នឹងព្រះសង្ឃដើម្បីឲ្យរៀនសូត្រឬបួស ពួកគាត់តែងតែទូលព្រះសង្ឃថា សូមគុណម្ចាស់ទុកតែស្បែក ឆ្អឹង និងភ្នែកកូនខ្ញុំបានហើយ ក្រៅពីនោះសូមព្រះតេជគុណចាត់ការតាមទោសកំហុសចុះ ពាក្យនេះចង់សំដៅថា បើកូនគាត់មិនស្តាប់បង្គាប់ព្រះសង្ឃទេ ព្រះសង្ឃមានសិទ្ធិពេញលេញប្រើ វិន័យវត្តឬដាក់ពិន័យតាមការគួរ ក៏ប៉ុន្តែកុំឲ្យពិការនិងស្លាប់បានហើយ»។
ប្រធានគណបក្សយុវជកម្ពុជា បានសង្កត់ធ្ងន់ថា« ក្នុងន័យនេះ ខ្ញុំក៏សូមស្នើដល់ អ្នកលេងហ្វេសប៊ុកផងថា សូមកុំចង់ល្បីគ្រប់រឿងពេក សូម្បីតែរឿងព្រះសង្ឃក៏ចង់តោងឲ្យល្បីដែរនោះ សូមអ្នករាល់គ្នាត្រូវចាំថា គ្រួសារមានវិន័យ ប្រទេសមានច្បាប់ ពេលខ្លះមេគ្រួសារដាក់ពិន័យ សមាជិកគ្រួសារណាខូចទេ ហើយក៏មិនមែនដាក់ពិន័យអ្នកល្អជាឯណា។ សូមអស់យោបល់ហើយ»។
ចៅអធិការវត្តរាជបូព៌ បានមានសង្ឃដីកាបកស្រាយថា តាំងពីដើមមកក្នុងវត្ត រាជបូណ៌តែងតែមានវិន័យតឹងតែង ហើយការដាក់វិន័យតឹងតែងនេះ គឺចង់ឲ្យភិក្ខុនិងសាមណេរ ទាំងនោះ មានភាពរីកចម្រើន និងបានយល់ដឹងពីផ្លូវព្រះធម៌បានល្អ។ ដូច្នេះហើយសូមញាតិញោម បរិស័ទនានា តាមដានករណីនេះផងថា អាត្មាធ្វើត្រូវឬខុស ព្រោះអាត្មាមិនមានបំណងអ្វី ចង់ធ្វើបាបលោកនោះទេ គឺចង់ឲ្យលោកមានការរីកចម្រើន តែប៉ុណ្ណោះ។ ជាមួយគ្នានេះព្រះចៅអធិការវត្តក៏បានធ្វើកិច្ចសន្យា មិនឲ្យមានករណីបែបនេះកើតឡើង តទៅទៀតនោះទេ ៕