ភ្នំពេញ៖ ឳពុកចុង បានចាប់សេពសន្ថវៈ លើកុមារី ២នាក់ ជាកូនចុងរបស់ខ្លួន សម្រេចរហូតដល់ ១០ដង ទើបបែកការណ៍ ដោយសារម្ដាយមីងក្មេងរងគ្រោះ សង្ស័យក៏ជជីកសួរដឹញដោល ទើបដឹងរឿងប្ដឹងសមត្ថកិច្ច ចាប់ខ្លួនឳចុងតិរច្ឆាននេះតែម្ដង ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង ៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយមានកម្លាំងអធិការក្រុងបានលុង សហការជាមួយអធិការស្រុកលំផាត់នៅចំណុចភូមិអុលធំ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
ជនសង្ស័យដែលជា ឪពុកចុងមានឈ្មោះ សាន សុឃីម អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរជាកម្មករ មានទីលំនៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ ចំណែកក្មេងស្រីរងគ្រោះទាំង ២នាក់បងប្អូន ដោយកុមារីជាបងអាយុ ៩ឆ្នាំ និងប្អូនអាយុ ៨ឆ្នាំ ។
បើតាមលោកវរសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឲ្យដឹងថា ជនសង្ស័យ និងស្ត្រីជាប្រពន្ធបានទៅស៊ីឈ្នួលដកដំឡូងឱ្យគេនៅចំណុចឃាត់ខ្លួនខាងលើ ហើយក៏បានឲ្យម្ដាយមីងនាំកុមារីរងគ្រោះទាំង២នាក់មកផ្ទះមុន។ ពេលនោះ ម្តាយមីងឃើញកុមារីទាំងពីរនាក់ ដើរមានសភាពលំបាក ក៏លួងលោមជជីកសួរក្មេងស្រីទាំង២ ដោយសារតែដេញដោលខ្លាំងពេក ទើបក្មេងស្រីទាំង ២នាក់ព្រមប្រាប់ថា ឪពុកបំពានសេពសន្ថវៈខ្លួន។
ក្រោយពីដឹងរឿងថា ឪពុកចាប់ក្មេងស្រីរងគ្រោះទាំង ២នាក់បំពានសេពសន្ថវៈហើយនោះ ម្ដាយមីងក៏ទូរស័ព្ទរាយការណ៍ មកលោកនាយប៉ុស្ដិ៍កាចាញភ្លាម ហើយលោកនាយប៉ុស្ដិ៍ក៏ឲ្យ នាំក្មេងរងគ្រោះទាំង២មកប៉ុស្ដិ៍សិន និងនាំក្មេងឲ្យពេទ្យពិនិត្យ ទើបឃើញថា កុមារីទាំងពីរនាក់ ពិតជាត្រូវគេបំពានសេពសន្ថវៈពិតប្រាកដមែន។ ហើយក៏បានរាយការណ៍មក លោកអធិការក្រុងភ្លាមៗផងដែរ លុះស្អែកឡើងរៀបចំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យ នៅចំណុចខាងលើនេះតែម្ដង។
កុមារីរងគ្រោះទាំង ពីរនាក់ ត្រូវបានឪពុកចុងចាប់ បំពានសេពសន្ថវៈរហូត ១០ដងមកហើយ គឺនៅលើផ្ទះ និងកន្លែងស៊ីឈ្នួលដកដំឡូង ឆ្លៀតពេលដែលម្ដាយកុមារីទាំងពីរនាក់មិននៅ។
បើតាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះថា ជារឿយៗ ពេលឪពុកទៅណាមកណា តែងតែនាំក្មេងស្រីទាំង ពីរនាក់ទៅតាមរហូត។
បច្ចុប្បន្ន ក្រោយឃាត់ខ្លួន ជនសង្ស័យជាឪពុកចុង ត្រូវបានឃុំបណ្តោះអាសន្ន នៅអធិការក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕