ភ្នំពេញ៖ ក្រោយមានបណ្តាញសង្គមហ្វេសប៊ុកបង្ហោះចែករំលែកនូវវីដេអូ ព្រះចៅអធិការវត្តរាជបូណ៌ ព្រះតេជគុណ ពិន សែម ដែលបានប្រើអំពើហិង្សា ទៅលើភិក្ខុនិងសាមណេរ ដោយប្រើនឹងរំពាត់ផ្តៅ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងនោះត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាបចុះមកដល់វត្តដើម្បីសួរនាំ។
ព្រះចៅអធិការវត្តរាជបូព៌ព្រះអង្គព្រះនាម ពិន សែន បានមានសង្ឃដីកាថា តាំងពីដើមមកក្នុងវត្ត រាជបូណ៌តែងតែមានវិន័យតឹងតែង ហើយការដាក់វិន័យតឹងតែងនេះ គឺចង់ឲ្យភិក្ខុនិងសាមណេរ ទាំងនោះ មានភាពរីកចម្រើន និងបានយល់ដឹងពីផ្លូវព្រះធម៌បានល្អ។ ដូច្នេះហើយសូមញាតិញោម បរិស័ទនានា តាមដានករណីនេះផងថា អាត្មាធ្វើត្រូវឬខុស ព្រោះអាត្មាមិនមានបំណងអ្វី ចង់ធ្វើបាបលោកនោះទេ គឺចង់ឲ្យលោកមានការរីកចម្រើន តែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីដែរ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការខេត្តសៀមរាប បានឲ្យដឹងថា ទៅនេះត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចុះមកដល់វត្តរាជបូណ៌ ដើម្បីសួរនាំឲ្យដឹងសាច់រឿងទាំងសងខាង និងធ្វើកិច្ចសន្យា ជាមួយព្រះចៅអធិការវត្ត ថាមិនឲ្យមានករណីបែបនេះ តទៅទៀតនោះទេ។
សូមរំលឹកថាករណីផ្ទុះក្នុងបណ្ដាញសង្គម facebook នេះថាមានករណីអំពើហិង្សានៅក្នុងវត្តរាជបូណ៌បានកើតឡើងកាលពីថ្ងៃថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ ស្ថិតក្នុងវត្តរាជបូណ៌ ដែលស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជុំវិញសាច់រឿងនេះដែរ មហាជនខ្លះបានសម្ដែងការគាំទ្រ ចំពោះចំណាត់ការរបស់ព្រះចៅអធិការវត្តរាជបូណ៌ទៅលើព្រះសង្ឃដែលមិនគោរពវិន័យ។ រីឯមហាជនខ្លះបានរិះគន់ យ៉ាងចាស់ដៃ ថាក្នុងនាមជាព្រះសង្ឃ មិនគួរធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរដូច្នេះទេ៕