មេបក្សយុវជនកម្ពុជា៖ អ្វីដែលខ្ញុំព្រួយបារម្ភ គឺនៅពេលប្រទេស កំពុងច្របូកច្របល់ តែងតែលេចកញ្ច្រោង ដើរលេបទ្រព្យសម្បត្តិជាតិ

0

ភ្នំពេញ៖ ក្រោយមានជនខិលខូច លួចចាក់ដីចូលសមុទ្រ នាពេលយប់ៗ នៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ក្នុងស្រុកស្ទឹងហាវ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាទង្វើទុច្ចរិតនេះ ជាអ្វីដែលលោកព្រួយបារម្ភ នៅពេលប្រទេស កំពុងច្របូកច្របល់ គឺតែងតែលេចកញ្ច្រោង ដើរលេបទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋស្លូតត្រង់។

ជាមួយនឹងការព្រួយបារម្ភនេះ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មការគ្រប់គ្រង ឆ្នេរសមុទ្រ អនុវត្តច្បាប់ឲ្យបានតឹងរឹង លើពពួកកញ្ជ្រោង ចាក់ដីរំលោភចូលសមុទ្រ កុំសម្របសម្រួល ឲ្យសោះជៀសវាងអំពើ ដដែលកើតឡើងទៀត ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២១នេះថា «អ្វីដែលខ្ញុំព្រួយបារម្ភនោះ នៅពេលប្រទេស កំពុងច្របូកច្របល់ គឺតែងតែលេចកញ្ច្រោង ដើរលេបទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋស្លូតត្រង់ ដូចក្នុងករណីនេះអញ្ចឹងដែរ ដោយមានកញ្ជ្រោង កំពុងលេបចំណី ឆ្នេរសមុទ្រនៅឯទឹកដី ខេត្តព្រះសីហនុ ក្នុងន័យនេះដែរគឺខ្ញុំសូមស្នើ ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មការ គ្រប់គ្រងឆ្នេរសមុទ្រ សុំអនុវត្តច្បាប់ឲ្យបានតឹងរឹង លើពពួកកញ្ជ្រោង ( ជនទុច្ចរិត) ដោយកុំសម្រប សម្រួលណាមួយឲ្យសោះ ជៀសវាងអំពើ ដដែលកើតឡើងទៀត» ។

ប្រធានគណបក្សយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា «ច្បាប់ចាប់ពួកខូច ហើយច្បាប់ ក៏គ្មានការសម្របសម្រួលដែរ បើសិនជាមានការសម្របសម្រួលណាមួយ គឺថាអ្នកកាន់ច្បាប់នោះ
បាននឹងកំពុងតែចូលដៃគ្នា ជាមួយពពួកកញ្ជ្រោង(ជនទុច្ចរិត) ដោយមិនអាចប្រកែក បានឡើយ »។

សូមរំលឹកថា រដ្ឋបាលស្រុកស្ទឹងហាវ នៅ ថ្ងៃទី ១៥ខែ មីនា នេះបានចេញសេចក្ដីជូនដំណឹងស្តីពីករណីជនឆ្លៀតឱកាសចាក់ដីចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះ រដ្ឋបាលស្រុកស្ទឹងហាវ បញ្ជាឱ្យជនឆ្លៀតឱកាស កាយដី ចេញវិញជាបន្ទាន់ និងចូលខ្លួនដោះស្រាយ ជាមួយរដ្ឋបាលស្រុក បេីពុំដូច្នោះទេអាជ្ញាធរ នឹងធ្វេីការស្រាវជ្រាវ ចាត់វិធានការផ្លូវច្បាប់៕