ក្រុមគ្រួសារមន្ត្រីនគរបាលស័ក្ត៤ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងគេនៅកម្ពុជា ទទួលបានថវិកាជិត ១៥លានរៀល

0
ភ្នំពេញ៖ ដោយមើលឃើញពីការលំបាករបស់អ្នកស្រី វេង សុម៉ាលី ជាភរិយាមន្ត្រីនគរបាលស័ក្ត៤ ឈ្មោះ ឡៅ វណ្ណា ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ដំបូងគេបង្អស់នៅកម្ពុជា ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់បានចូលរួមបរិច្ចាគ ថវិកាសបប្បុរសធម៌សរុបចំនួន ១៤,៧៨០,000រៀល ដើម្បីចូលរួមជួយសម្រួលដល់ការរស់នៅ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ។
ក្រៅពីបានផ្តល់ជូននូវថវិកាដល់អ្នកស្រី វេង សុម៉ាលី ភរិយាមន្ត្រីនគរបាលស័ក្ត៤ ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព បន្ទាប់ពីមានសោធនាដកម្មកើតឡើងចំពោះគ្រួសារអ្នកស្រី ដែលបាត់បង់ប្តី និងឳពុកជាទីស្រឡាញ់ ជាបង្គោលគ្រួសារនាពេលនេះ។
ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់ បានផ្តាំផ្ញើដល់កូនៗទាំង៤នាក់របស់ អ្នកស្រី វេង សុម៉ាលី បើទោះបីជាពេលនេះ ត្រូវបាត់បង់ឪពុកជាទីស្រលាញ់ក៍ដោយ តែត្រូវបន្តខិតខំប្រឹងប្រែង ព្រមទាំងកុំបោះបង់នូវការសិក្សា ហើយត្រូវធ្វើយ៉ាងណាថែទាំ សុខភាពការពារខ្លួនពីជំងឺកូវីដ-១៩បន្តទៀត។
ជាមួយគ្នានេះផងដែរ ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់ សូមផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមការពារខ្លួនឱ្យបានម៉ត់ចត់ តាមវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩៕