ម៉ែមកទទួលកូនពី មណ្ឌលបន្សាបគ្រឿងញៀនទៅផ្ទះវិញ បែរជាកូនផ្លោះរបងរត់ចេញ ទាំងដៃកាន់កាំបិត និងដែកទីប

0

ភ្នំពេញ៖ ខណៈដែលអាណាព្យាបាល មកសុំប្រធានមណ្ឌលយកកូនទៅផ្ទះវិញ បែរយុវជន ២នាក់ដែលជាកូនៗ នាំគ្នាផ្លោះរបងរត់ចេញពីមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ឡើងលើដំបូលសំយាបផ្ទះ ទាំងដៃកាន់កាំបិត និងដែកទីប ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ផ្លូវ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

យុវជនទាំង ២នាក់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បើតាមប្រភពពីនគរបាលប៉ុស្តិ៍គោកឃ្លាង ដែលបានចុះមកដល់កន្លែងកើតហេតុបានឱ្យដឹងថា យុវជនទាំង ២នាក់នេះត្រូវបានអាណាព្យាបាលយកមក ដាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាប អ្នកញៀនគ្រឿងញៀន (ឌីធីអេ) ហើយនៅថ្ងៃកើតហេតុខាង អាណាព្យាបាលបានមកស្នើសុំខាងមណ្ឌល ដើម្បីយកកូនពួកគាត់ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែ ពួកគេទាំង ២នាក់នាំគ្នាផ្លោះរបងរត់ចេញពី ក្នុងមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន (ឌីធីអេ) ឡើងទៅលើដំបូលសំយាបផ្ទះ ដោយដៃមានកាន់កាំបិតនិងដែកទីបទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ តាមផ្លូវនាំគ្នាឈប់ឈរមើល និងភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។ តែពួកគេទាំងពីរនាក់មិនព្រមចុះមកទេ បើទោះបីជាសមត្ថកិច្ច និងសន្តិសុខនៅមណ្ឌលនោះព្យាយាម និយាយយ៉ាងណាក៏គេមិនចុះមកដែរ ប៉ុន្តែគេក៏ឃើញខាងបុគ្គលិកនៅមណ្ឌលខាងលើ បានយកលិខិតចេញ ពីមណ្ឌលឡើងទៅឱ្យពួកគេទាំង ២នាក់ផ្តិតមេដៃ តាមការស្នើសុំរបស់អាណាព្យាបាលដែរ។

អស់រយៈពេលជិត ៣ម៉ោង ក៏មានអាណាព្យាលមកជួយនិយាយអង្វរ ទើបពួកគេព្រមចុះមកហើយក៏ជិះម៉ូតូ និងរថយន្តរបស់អាណាព្យាបាល ចេញទៅផ្ទះរៀងៗខ្លួន ៕