ភ្នំពេញ៖ ពេលនេះអាជ្ញាធរភូមិ ឃុំ និងស្រុក ចុះទៅដល់ទីតាំង រៀបចំមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ដែលអន្ទិត កក្កដា សុភ័ណ្ឌ បានចូលរួម ក្រោយបានប្រកាសថា ខ្លួនវិជ្ជមានកូវីដ១៩ ។
អន្ទិត កក្កដា សុភ័ណ្ឌ បានទៅចូលរួមកំដរកូនកំលោះក្រមុំ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ។
សូមរំលឹកថា កក្កដា សុភ័ណ្ឌ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៤ មីនាថា «Update to my health !ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។ #មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry» ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៥ មីនានេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៣២៥នាក់ ក្នុងនោះជាសះស្បើយចំនួន ៧៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៥៩២នាក់ និងមាន ករណីស្លាប់ម្នាក់ ៕