ប្រើអនីតិជន ឱ្យចូលធ្វើសកម្មភាព លួចគាស់តូបវេប្រាក់ ត្រូវនគរបាលឃាត់ខ្លួន

0

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោល រួមគ្នាជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ដែលបានប្រព្រឹត្តិសកម្មភាព លួចមានស្ថានទម្ងន់ទោស (គាស់តូបវេប្រាក់វីង) នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

មន្ត្រីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ១.ឈ្មោះ ឡា ពោ ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២.ឈ្មោះ ម៉ៅ កុសល ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅមិនប្រាកដដែលជនស័ង្សយខាងលើបានប្រព្រឹត្តិសកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់តូបវេប្រាក់វីង) នៅស្រុកថ្មគោល ខេត្តបាត់ដំបង ។

សូមជម្រាបជូនថាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង១២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤៨ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់តូបវេប្រាក់វីង) មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេប្រាក់វីងគាស់ថតទូដាក់ប្រាក់របស់ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សម្ភារៈបាត់បង់រួមមាន ៖ -ប្រាក់រៀលប្រមាណជា០១លានរៀល -ក្រវិលកំប៉ុងស្រាបៀដែលត្រូវង្វាន់មួយចំនួន ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីររូបនេះ បានសារភាពថាខ្លួន ពិតជាបានចូលលួចទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានខាងលើ ពិតប្រាកដមែន ដែលពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ ៕