ភ្នំពេញ៖ កាលពីម្សិលមិញមានការចែកចាយវីដេអូ នៅលើបណ្ដាញសង្គមតៗគ្នា ដែលបង្ហាញពីសកម្មភាពសាហាវព្រៃផ្សៃនៃ ការធ្វើទារុណកម្មលើលោកនេនតូចៗ ដូចសត្វធាតុ ដោយវាយរាប់រយផ្ដៅ របួសស្ទើរស្លាប់ស្ទើររស់ ។ ដែលទង្វើនេះគេសង្ស័យថា កើតឡើងនៅ វត្តបូរ ក្នុងទឹកដីខេត្ត សៀមរាប ។
បន្ទាប់ផ្ទុះការរិះគន់ខ្លាំង ទៅលើវីដេអូនេះ ពីសំណាក់មហាជនទូទៅ ក្នុងនោះលោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានលើកឡើងតាមហ្វេសប៊ុក មុននេះបន្តិចថា «មានបងប្អូនជាច្រើនបាន ផ្ញើសារមកសួរខ្ញុំ ពីរឿងហេតុនេះ រួមទាំងចង់ដឹងពីដំណោះស្រាយ។ ខ្ញុំក៏ធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ ដ៏អសីលធម៌ បែបនេះដែលកាលពីជាង ៣ឆ្នាំមុន វាពិបាកទទួលយកណាស់។ តែខ្ញុំមិនរងទង្វើពាលនេះទេ ព្រោះរាប់ថាជាសំណាងខ្ញុំទៅចុះ ក្នុងនោះអ្នកជាមួយខ្ញុំជាច្រើន បានទទួលរងនូវអំពើពាលនេះ។ រហូតខ្ញុំបានសរសេរជាអត្ថបទខ្លី១ ដែលមានចំណងជើងថា ស្នូរផ្នៅគ្រូខ្ញុំ។ តែខ្ញុំពុំបានចេញផ្សាយ ដោយសារស្ថានភាពមិនអំណោយផល។ ម្យ៉ាងទុកឱ្យបុគ្គលនោះចេះកែខ្លួន កុំឱ្យងងឹតក្នុងធម៌ព្រះពុទ្ធ។ ប៉ុន្តែមានឱកាសល្អខ្ញុំនឹងបោះពុម្ពផ្សាយ ទុកជាមេរៀនប្រវត្តិសាស្រ្តរបស់ អ្នកដឹកនាំសាសនា។ គេកូនយើង សាច់គេ សាច់យើង!ឯណាទៅ ខន្តីធម៌!
ចំពោះដំណោះស្រាយរឿងហេតុខាងលើ នេះយ៉ាងណានោះ មានតែរងចាំមើលទាំងអស់គ្នាសិន អាចនឹងដឹងនៅពេលរសៀលនេះ។ សូមអរគុណ!» ។
ជាមួយគ្នានោះដែរលោក ផែង វណ្ណៈ បានសរសេរលើហ្វេសប៊ុកដែរថា «វីដេអូ ព្រះសង្ឃប្រើហឹង្សាលើព្រះសង្ឃ ដែលគេសង្ស័យថានៅ វត្តបូរ ខេត្ត សៀមរាប រងការរិះគន់» ។