ភ្នំពេញ៖ ជនជាតិចិនម្នាក់ បានស្លាប់នៅក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ។យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា តាមការវាយតម្លៃបឋម របស់គ្រូពេទ្យ ជំនាញបង្ហាញថា បុរសខាងលើមានជំងឺរលាកលំពែង និងសួតរ៉ាំរ៉ៃ ព្រមទាំងឡើងជាតិស្ករផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិចិននេះមាន ឈ្មោះ RAO SHAOXING អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EH4480832 បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានស្នាក់នៅ និងធ្វើចត្តាឡីស័ក នៅបន្ទប់លេខ៩១៨ ក្នុងអគារស្នាក់នៅរួម របស់បុគ្គលិកកាស៊ីណូ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:៤២នាទី ដោយបុរសរូបនេះ មានអាការៈហត់និងចុះខ្សោយខ្លាំង ក៏ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
ដោយពិនិត្យឃើញថា បុរសរូបនេះ មានអាការៈកាន់តែធ្ងន់ធ្ងរ ដូចនេះក្រុមគ្រូពេទ្យបានរៀបចំ បែបបទ ដើម្បីបញ្ជូនទៅសង្គ្រោះ នៅរាជធានីភ្នំពេញ ប៉ុន្តែដោយបុរសរូបនេះ មានស្ថានភាពសុខភាព ចុះខ្សោយពេកទើបធ្វើឱ្យ គាត់ទទួលមរណភាព នៅវេលាម៉ោង០១៖៤៣នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្នសាកសពតម្កល់ទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានយកសំណាក ទៅធ្វើវិភាគនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ដើម្បីបន្តនីតិវិធី ៕