ភ្នំពេញ៖ បុរសអាយុ២៣ឆ្នាំ ជាអ្នករស់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មានវិជ្ជមានជំងឺកូវីដ១៩ហើយអ្វីដែលកំពុងធ្វើឱ្យមានការបារម្ភខ្លាំងនោះគឺបុរសរូបនេះបានទៅចូលរួមពិធីមង្គលការមួយនៅស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
យោងតាមបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងបន្ថែមថាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនោះបានទៅយកសំណាកពិនិត្យរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ដោយសារមានការពាក់ព័ន្ធ នឹងអ្នកកើតជំងឺកូវីដ១៩។ ក្រោយពីយកសំណាករួចហើយ បុរសរូបនេះ មិនបាននៅធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះទេ បានធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅក្នុងស្រុកឈូក ដោយជួលឡានតាក់ស៊ីហាយឡែនឌើមួយគ្រឿង លុះពេលត្រឡប់មកវិញ មានអ្នករួមដំណើរចំនួន៦នាក់។
ព័ត៌មាននេះទើបផ្អើលឆោរឡោ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះ ទៅផ្ទះរបស់គេ បែរជាមិនឃើញរូបគេហើយ ត្រូវបានក្រុមគ្រួសារបញ្ជាក់ថាទៅចូលរួមពិធីមង្គលការ។
របាយការណ៍របស់ សមត្ថកិច្ចបានរៀបរាប់ទៀតថា ក្រោយពីបានរកឃើញបុរសរូបនោះ ក្រុមគ្រូពេទ្យបាននាំបុរសកើតជំងឺកូវីដ១៩នេះ ទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke។ ចំណែកអ្នករួមដំណើរ ០៥នាក់ (ប្រុស) យកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែ៕