អាសូរទ្រូង ឪពុកម្ដាយផងលោកកូន! អោយទៅរៀនបែរជា ដើរលេងបង្កជម្លោះ ដេញវាយគ្នាទៅវិញ

0

ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកសំរោង សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ស្រាវជ្រាវមុខសញ្ញាក្មេងទំនើង ដែលជិះម៉ូតូដេញវាយគ្នាចំនួន ០៥នាក់ នៅចំណុចរមនីយ៍ដ្ឋានភ្នំជីសូរ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ។

សូមរំលឹកថានៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី មានករណីក្មេងទំនើងដេញវាយគ្នា នៅចំណុចមុខវិទ្យាល័យភ្នំជីសូរ ស្ថិតក្នុងភូមិត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ រវាងក្មេងទំនើងពីរក្រុម មិនស្គាល់អត្តសញ្ញាណ តែមិនបណ្តាលឱ្យមានភាគី ណារងរបួសឡើយ ក្រោយកើតហេតុបានរត់គេចខ្លួន បាត់បន្សល់ទុកម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1DG-4109 នៅកន្លែងកើតហេតុ នឹងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្លាដក ហូតយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លា ដើម្បីស្រាវជ្រាវ។

ក្រោយធ្វើការស្រាវជ្រាវ កម្លាំងជំនាញបានឱ្យដឹងថា ម្ចាស់ម៉ូតូខាងលើខាងលើ មានឈ្មោះ យ៉ែម ឧត្តម ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិគោកទ្រា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ជាសិស្សរៀននៅវិទ្យាល័យ ភ្ញីមាស នៅវេលាកើតហេតុខ្លួន និងមិត្តភ័ក្រចំនួន០៣នាក់ទៀត បានជិះម៉ូតូ ដើរលេងនៅរមណីយ៍ដ្ឋាន ភ្នំជីសូរ តែត្រូវក្មេងទំនើងមួយក្រុមទៀត មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូដេញវាយ បណ្តាលឱ្យខ្លួនដួលម៉ូតូ ហើយរត់គេចខ្លួនតែម្តង ។

លុះនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ត្រូវបានអាណាព្យាបាល បានមកសុំធានា យកម៉ូតូដើម្បីទៅប្រើប្រាស់វិញ ដោយមានការបញ្ជាក់ពី អាជ្ញាធរមូលដ្ឋានផងដែរ និងមិនបានដាក់ពាក្យប្តឹងនោះទេ។
ដើម្បីលុបបំបាត់ បញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស ធ្វើការស្រាវជ្រាវតាមរយៈវីដេអូរ ដែលបានផុសផ្សាយ ដោយគណនីហ្វេសប៊ុក ឈ្មោះ កូន កសិករ និងបានកំណត់មុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់បន្ថែមទៀត ពាក់ព័ន្ធសកម្មភាពដេញវាយគ្នា តាមទីសាធារណៈនេះ រួមមានទី១ឈ្មោះ ញឹក វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ទី២ឈ្មោះ តុង មេសា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ទី៣ឈ្មោះ សុំ សុធារិទ្ធ ភេទបុ្រស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និងទី៤ឈ្មោះ រឿង សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្រាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ទាំង០៤នាក់ ជាសិស្សរៀននៅវិទ្យាភ្ញីមាស។ ដោយមានការសុំធានា ពីសំណាក់អាណាព្យបាលផង ដោយកក្រុមយុវជនទាំង០៤នាក់នេះ កំពុងនៅសិក្សា និងពុំមានការប្តឹងពីភាគីម្ខាងទៀត ផងនោះ ក្រោយធ្វើការសាកសួររួចកម្លាំងជំនាញ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាលាយលក្ខអក្សរ នៅចំពោះមុខអាណាព្យាបាល មិនឱ្យមានការប្រព្រឹត អំពើបែបនេះតទៅទៀតឡើយ និងបានអនុញ្ញាតិ ឱ្យអាណាព្យាបាលនាំ ទៅគេហដ្ឋានវិញរៀងៗខ្លួន ដើម្បីអប់រំបន្ថែមទៀត ៕